ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត

កំពត​ ៖​ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត​ មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត។ ពិធីនេះ​ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់។

យោងប្រកាសលេខ​ ១៧៨.ដនស.ប្រក ចុះថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ប្រធានមន្ទីរទើបទទួលតំណែងថ្មី​ ត្រូវបន្តធ្វើកិច្ចការដែលនៅសេសសល់​ ដេីម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី។

ក្រើនរំលឹកស្រដៀងគ្នានោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានមានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្របខ័ណ្ឌរដ្ឋត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែលបានកំណត់។ មានន័យថា​ ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋបែរជាទៅបម្រើការឱ្យក្រុមហ៊ុន​ ដោយទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះ​ រហូតបង្កការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវពឹងពាក់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង