សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៨ ឆ្នាំ២០១៩

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨.០០នាទី នាសាលសន្និសីទចតុម្មុខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៨ ឆ្នាំ២០១៩​ ។

ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចភក្ដី បានសម្ដែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងថ្លែងកោតសសើក្រសួងធម្មការ និងសាសនាដែលបានសហការរៀបចំ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៨ នេះឡើង ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងមហាសាមគ្គីភាព ព្រមទាំងកន្លងមកបានសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាគណៈ គណៈសង្ឃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើនស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិយើងនាពេលបច្ចុប្បន្ន និងនៅតែជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម ហើយស្ថិតស្ថេរគង់វង្សតរៀងទៅ​ ៕

អត្ថបទដែលជាប់ទាក់ទង