កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក

កំពង់ស្ពឺ​ ៖​ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា​ អាស្រ័យដោយភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ខេត្ត​ ស្ទើរតែជារៀងរាល់ឆ្នាំគ្រោះទឹកជំនន់ និងគ្រោះរាំងស្ញួត​ បានគម្រាមកំហែងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១៨ កន្លងទៅត្រូវជួបប្រទះគ្រោះទឹកជំនន់ចំនួន ០៣លើក ធ្វើឱ្យខូចខាតផលដំណាំចំនួន ៤.៦០០ហ.ត និងគ្រោះរាំងស្ងួតចំនួន ០១លើក នៅក្នុងស្រុកសំរោងទង​ ចំនួន ០៥ឃុំ និងស្រុកគងពិសីចំនួន ០១ឃុំ ដែលធ្វើឱ្យប៉ះពាល់ដល់សំណាប សន្ទូង និងផលដំណាំផ្សេងៗរបស់ប្រជាកសិករ​ ហើយបានជះឥទ្ធិពល ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្រ្តយើងថែមទៀតផង។

ឯកឧត្តមបានបន្តទៀតថា​ ដោយឡែកក្នុងឆ្នាំ២០១៩ នេះគិតមកដល់បច្ចុប្បន្នកម្រិតទឹកភ្លៀងជាមធ្យមទូទាំងខេត្តមានកម្ពស់​ ១០១០.៣មម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ទាបជាងចំនួន ២៨៩.៩មម ស្រុកដែលទទួលទឹកភ្លៀងតិចជាងគេ​ មានស្រុកគងពិសី ឯក្រុង ស្រុកចំនួន ០៧ទៀត បានទទួលទឹកភ្លៀងជាមធ្យម ។ ឆ្នាំនេះ​ ការងារបង្កបង្កើនផលស្រូវរដូវវស្សា​ ត្រូវជួបការលំបាក និងយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនូវតែអនុវត្តបានចំនួន ១១៤.៩៩៤ហ.ត ស្មើនឹង​ ១០១.២៣% នៃផែនការ ១១៣.៦០០ហ.ត លើសផែនការចំនួន ១.២៣% ។ ហើយសម្រាប់ការងារប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល យើងទើបតែនឹងអនុវត្តបានចំនួន ១១.០៩១ហ.ត ស្មើនឹង ៩.៦៤% តែប៉ុណ្ណោះ ។ ហើយសង្ឃឹមថា​ នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេចបានទៅតាមផែនការ ។ កន្លងមកយើងតែងជួបបញ្ហាប្រឈមទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗ​ ដែលទឹកជំនន់ទឹកភ្លៀងតែងតែកើតមាននូវពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹងមានរយៈពេលខ្លីមិនបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំកសិកម្មឡើយ ។ ហើយគ្រោះរាំងស្ងួត​ តែងតែជួបប្រទះជារៀងរាល់ឆ្នាំ​ (កូនរដូវប្រាំងតែងកើតមានចន្លោះពីពាក់កណ្តាលខែកក្កដា ដល់ពាកកណ្តាលខែកញ្ញា) មានស្រុកបី​ គឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកភ្នំស្រួច សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០មម បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រមាណពី ៧‍-៨%។

ទន្ទឹមនឹងនេះដែរ​ ស្ថិតក្នុងស្ថានភាពការលំបាកនេះ​ ដោយមានជួយឧបត្ថម្ភជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងប៊ូមទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាឆ្នាំ ២០១៩នេះ​ នៅទូទាំង ០៨ក្រុង-ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួតសរុបបានចំនួន ៣.៤១៦ហ.ត។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម មានលើកឡើងថា យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែង​ បានបង្ហាញយ៉ាងច្បាស់ថាក្នុងឆ្នាំ២០១៩​ នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់​ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ​ (El Nino)​ ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩​ បាតុភូត អែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេកកន្លង មកបានរក្សាទឹកទុកស្ទើរតែ​ ១០០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី​ បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា និងស្រូវរដូវប្រាំ) ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីបន្ត ។

សូមបញ្ជាក់ផងដែរថាយោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ​ ១ដង ប៉ុណ្ណោះ​ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២​ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុក​ និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រែូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរ
ឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង