រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ស្នើឲ្យប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំថ្មី ត្រូវពង្រឹងការងារ និងតួនាទី ដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ
កំពង់ធំ ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឲ្យប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំថ្មី ដែលទើបឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ ត្រូវពង្រឹងការងារ និងតួនាទីបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អប្រសើរ និងបន្តយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេស ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងគោរពតួនាទី ការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ការស្នើរបស់ឯកឧត្តមរដ្ឋមន្រ្តី វង សូត នាពេលនេះ បានធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តម លោកជំទាវ ព្រមទាំងមន្រ្តីក្រសួង និងមន្ទីរសង្គមកិច្ច ឯកឧត្តម ឈុន ឈន់ ប្រធានក្រុងប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង មន្រ្តីរាជការ និងកងកម្លាំងអាវុធហត្ថជាច្រើននាក់ទៀត ចូលរួមនៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តមកំពង់ធំថ្មី លោក លី សុភា ជំនួសលោក អ៊ាប ឈុនស្រ៊ាង ដែលបានរៀបចំឡើង នៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ។
ក្រោយទទួលបានតំណែងជាផ្លូវការលោក លី សុភា ដែលទើបបានក្លាយជាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបំពេញការងារឲ្យបានល្អ ហើយនឹងគោរពតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អបំផុត។
បើយោងតាមរបាយការណ៍លោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ដែលទើបចូលនិរត្តន៍នាពេលនេះ បានបញ្ជាក់ឲ្យដឹងថា ការងារកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា មន្រ្តីរាជការរបស់មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ មានការសហការគ្នាបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការអនុវត្តការងារពុំដែលមានបញ្ហាអ្វីកើតឡើងឡើយ ហើយក៏មិនដែលមានការប្តឹងតវ៉ា ឬដាក់ពិន័យផ្នែករដ្ឋបាលឡើយ។ ចំណែក ការបំពេញការងារ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺដំណើរការបានល្អ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា៕