ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធនានា​ នៅក្នុងគម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន​ ៤០០គ្រួសារ និងសម្ពោធសមិទ្ធផលនានា​ នៅក្នុងទីតាំងសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ដែលស្ថិតនៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា​ គម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រដល់ការប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចែកជូនដីដល់អ្នកគ្មានដី និងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោងគឺមានគោលបំណង​ ដើម្បីបែងចែកដីធ្លីរបស់រដ្ឋ ដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាននូវសេវាសាធារណ: និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិតភាពជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ។

ឯកឧត្តម​ ក៏បានបន្តទៀតថា​ គម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួន​ ១,៨០ លានដុល្លារសហរដ្ឋអាមេរិក។ ខេត្តគោលដៅជាអាទិភាពចំនួន៥​ ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងឡាសិត ២ នេះ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ហើយខេត្តកំពង់ស្ពឺ​ គឺជាខេត្តគោលដៅមួយក្នុងចំណោមខេត្តទាំង៥ ដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្តផងដែរ។ ដីសម្បទានសង្គមកិច្ចដែលត្រូវបានស្នើរសុំធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ តាមអនុក្រិតលេខ២០១អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ដោយកាត់ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ គ្របដណ្តប់លើផ្ទៃដីសរុប ១,១២០ហិកតា ដែលមានចំនួន ០២ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៣៣០ហិកតា សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងទីតាំងទី ២ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៧៩០ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅចំនួន ៤០០គ្រួសារ ដែលបច្ចុប្បន្ននេះ​ បាននឹងកំពុងអនុវត្តដោយគម្រោងឡាសិត ២ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជា សុផារ៉ា បានកោតសរសើរ​ ចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺដែលបានខិតខំថែរក្សាដីរបស់រដ្ឋបានត្រឹមត្រូវ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងមានតម្រូវការពិតប្រាកដ។ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើងដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពីប្រជាពលរដ្ឋឡើយ។

ទន្ទឹមនឹងនោះឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានា​ ប្រសើរជាងយកដីទៅបញ្ចាំ ឬលក់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង