ថ្នាក់ដឹកនាំខេត្ត ចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទ ក្នុងខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃសៅរិ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទ ក្នុងខេត្តសៀមរាប ដើម្បីសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិនៅពេលធ្វេីដំណេីរ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជាមួយនឹងកាចុះបិទអត្តសញ្ញាណនេះ លោក អភិបាលរងខេត្ត បានណែនាំដល់បងប្អូនដែលជាអ្នកប្រកបរបបនេះថា ការកំណត់របៀបនេះ គឺមានភាពងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ជាពិសេសងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានស្គាល់អត្តសញ្ញាណផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់បន្ថែមដល់បងប្អូនថា នៅពេលបើកបរដឹកភ្ញៀវទេសចរណ៍ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចេះមានការអធ្យាស្រ័យ និងមានការយោគយល់ខ្ពស់ឱ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ៕