សណ្ដែកសៀងឆ្នាំ២០១៩នេះ តម្លៃកើនឡើងជាងឆ្នាំទៅ តែទិន្នផលនៅតែធ្លាក់ចុះ
«សណ្តែកសៀងឆ្នាំ២០១៩នេះ តម្លៃមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំទៅ តែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំ ដែលកំពុងប្រមូលផលសណ្តែកសៀងក្នុងចំការគាត់ ប្រមាណ ៦ហិកតាស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។
លោកពូបន្តថា តម្លៃឆ្នាំនេះ អាចទទួលយកបាន តែគួរអោយស្តាយ ទិន្នផលមិនសូវទទួលបានច្រើននោះទេ ពីព្រោះដូចឆ្នាំទៅអញ្ចឹង គឺមានភ្លៀងធ្លាក់ជោគជាំពេកក្នុងដើមរដូវដាំដុះ ទើបធ្វើអោយពួកគាត់ដាំដុះយឺតពេល។ ចំពោះតម្លៃវិញ បើឈ្មួញចុះមកប្រមូលទិញដល់ចំការតម្លៃ ១.៨៥០រៀលក្នុងមួយគីឡូក្រាម បើដឹកយកទៅលក់អោយឈ្មួញដល់កន្លែងគេវិញ តម្លៃ ១.៩០០ ទៅ ១.៩៥០រៀលក្នុង១គីឡូក្រាម បើប្រៀបធៀបឆ្នាំទៅ គិតត្រឹមប្រមូលផលដើមដៃដូចគ្នានេះ ១គីឡូក្រាម ១.៦៣០រៀល ទៅ ១.៦៥០រៀល តែប៉ុណ្ណោះ។
កសិករដដែលបានអះអាងថា ទិន្នផលសណ្តែកសៀង ប្រសិនបើល្អនោះ ទទួលបានចន្លោះពី ១.៨តោន ទៅ ២តោន ក្នុង១ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល ២តោនកន្លះ ក៏មានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់ប្រមូលផលបានត្រឹមតែ ៧០០គីឡូក្រាម ទៅ ៨០០គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ហិកតា។
លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានទទួលស្គាល់ថា ឆ្នាំ២០១៩នេះ ការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរី ជួបបញ្ហាប្រឈមប្រាកដមែន ដោយសារតែបណ្តាលមកពីអាកាសធាតុមិនអំណោយផល សម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង ចំណែកឯកសិករមួយចំនួនធំបានប្រើប្រាស់ថ្នាំបាញ់ស្មៅ ទៅលើផ្ទៃដីដំណាំសណ្តែកលើសកំណត់ពេក ក៏ជាកត្តាធ្វើអោយជួបនូវបញ្ហាធ្លាក់ចុះនៃទិន្នផលដែរ។
ប្រធានការិយាល័យរូបនេះបន្តថា ខេត្តរតនគិរី ក្នុងឆ្នាំ២០១៩នេះ មានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន ២.៦៨៦ហិកតា បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ៣.៥៧១ហិកតា គឺមានការថយចុះ ៨៨៥ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀកនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងចំការកៅស៊ូ និងចន្លោះរងចំការស្វាយចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះ ធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕