រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់៧ព្រះវស្សា និងរាប់បាត្រព្រះសង្ឃចំនួន ៣០អង្
មណ្ឌលគិរី ៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងខេត្តប្រមាណជាង ១០០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ក្នុងខួប៧ឆ្នាំ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរបានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូល សោកសៅជាទីបំផុត ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានប្រសូត្រនៅថ្ងៃ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័កព.ស២៤៦៥ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២។ ហើយព្រះអង្គយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១,២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ និងសូមក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ាកុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានរាប់បាត្រព្រះសង្ឃចំនួន ៣០អង្គផងដែរ៕