ព្រះចៅអធិការវត្ត ព្រហ្មវិហារធម៌ តេជោជប់រង្សីសារារ៉ាម ហៅវត្តអង្គការអេដស៍ អំពាវនាវសុំដល់សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ជួយចូលរួមបុណ្យកុសល ក្នុងកសាងទីវត្តអារាមមួយនេះ
ព្រះវិហារ៖ ទោះជាអស់រយៈពេលជាច្រើនថ្ងៃ ចាប់តាំងពីកាន់ថ្ងៃកាន់បិណ្ឌទី១ រហូតមកដល់ពេលនេះ មានបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួម ធ្វើបុណ្យកាន់បិណ្ឌយ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី ប៉ុន្តែសម្រាប់ការខ្វះខាតរបស់ទីវត្តព្រហ្មវិហារធម៌តេជោជប់រង្សី សរ៉ារ៉ាម ហៅវត្តអង្គការអដស៏ គឺនៅតែមានសភាពខ្វះខាតដដែល ដោយហេតុថាទីវត្តអារ៉ាមមួយនេះ ទើបតែមានកំណើតក្នុង សម័យសង្គ្រាមកម្ពុជាថៃ នៅព្រំដែនខេត្តព្រះវិហារ ឆ្នាំ២០០៨ ។
ទីវត្តអារ៉ាមដែលមានទីតាំង ស្ថិតនៅក្នុង ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ព្រះ គ្រូ រស់ សុរាជ ជាព្រះចៅអធិការវត្ត ដែលទើបតែមានកំណើតថ្មីនេះ គឺកំពុងរងនូវការខ្វះខាតយ៉ាងខ្លាំង ហើយចាំបាច់ណាស់ស្នើ សុំការចូលរួមរបស់បងប្អូនប្រជាពលពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ក៏ដូចជំនឿគោរពព្រះពុទ្ធសាសនា មេត្តាជួយឧបត្ថម្ភគាំទ្រ និងចូលរួមឧបត្ថម្ភសម្រាប់ការកសាង ទីសាសនាមួយនេះផង ។
លោកតាគណៈកម្មការអាចារ្យវត្ត ព្រហ្មវិហារធម៌តេជោជប់រង្សីសរ៉ារ៉ាម ហៅវត្តអង្គការអេដស៏ បានប្រាប់ឲ្យដឹងថា អស់រយៈពេល ប៉ុន្មានឆ្នាំមកនេះ ទីវត្តអារ៉ាមមួយនេះ គឺនៅតែមានសភាពក្រីក្រ ពុំទាន់មានថ្នាក់ដឹកនាំ ឬក៏ពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បាន ឧបត្ថម្ភគាំទ្រជាលក្ខណៈដំកំភួននៅឡើយនោះទេ កន្លងមកទីវត្តអារ៉ាមមួយនេះ ទទួលបានការជួយពីបងប្អូនពុទ្ធបរិស័ទចំណុះ ជើងវត្ត ត្រឹមជាស្បៀងមួយចំនួនសម្រាប់ចង្ហាន់បិណ្ឌបាតឧបត្ថម្ភដល់ព្រះសង្ឃប៉ុណ្ណោះ ហើយលើសពីនេះ ក៏មានបងៗជាថ្នាក់ ដឹកនាំកងទ័ព ឈរជើងការពារនៅក្នុងខេត្ត បានចូលរួមកសាងតាមលទ្ធភាពដែលរូបគាត់ទាំងអស់គ្នា ជួយបានប៉ុណ្ណោះ ។
គណៈកម្មការអាចារ្យវត្តបន្តថា ស្ថានភាពវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរ៉ារ៉ាម ហៅវត្តអង្គការអេដស៏ នៅមានសភាពក្រីក្រខ្លាំង ណាស់ ព្រះវិហារក៏មិនទាន់មាន សាលាឆាន់ក៏មិនទាន់មាន ហើយកុដិសម្រាប់ព្រះសង្ឃគង់ ក៏មិនទាន់មានត្រឹមត្រូវនៅឡើយ ក្នុងនោះដែររូបព្រះពុទ្ធបដិមាករ ក៏នៅកណ្តាលភ្លៀងផ្គរនៅឡើយ ទើបព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ចាំបាច់ស្នើសុំការគាំទ្រពីបងប្អូនពុទ្ធបរិស័ទ ជិតឆ្ងាយ មេត្តាជួយតាមសទ្ធាជ្រះថ្លា ដល់វត្តដែលកំពុងខ្វះខាតនេះ ។
រាល់បងប្អូនពុទ្ធបរិស័ទ ដែលមានសទ្ធាជួយស្រោចស្រង់ និងចូលរួមកសាងជាមួយវត្តព្រហ្មវិហារធម៌ តេជោជប់រង្សីសរ៉ារ៉ាម ហៅ វត្តអង្គការអេដស៏ អាចទំនាក់ទំនងលេខព្រះគ្រូ រស់ សុរាជ ព្រះគ្រូចៅអធិការវត្ត ៕