បង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមអនឡាញ របស់ជនជាតិវៀតណាម មួយកន្លែងនៅកណ្តាលក្រុងបានលុង

ខេត្តរតនគីរី៖ ម៉ូតូជាច្រើនគ្រឿងត្រូវសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុក បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្ត នាំកម្លាំងចុះបង្ក្រាប ហាងលក់កាហ្វេ ជនជាតិវៀតណាម មួយកន្លែងលួចបង្កប់ល្បែងស៊ីសងដោយខុសច្បាប់។

ករណីចុះបង្ក្រាបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាន នគរបាលខេត្ត សហការណ៍ជាមូយកម្លាំងនគរបាលអធិការក្រុងបានលុង បានសម្របសម្រួលដោយលោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបកាលពីវេលាម៉ោង១៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅហាងលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលមានម្ចាស់ឈ្មោះ ប៊ួយ ធីង៉ុកហា ជាស្ត្រីជនជាតិវៀតណាម។

លោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្តបានឲ្យដឹងថា ករណីបង្ក្រាបនេះ យើងបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់ដែរថា ចំពោះករណីនេះលោកនឹងបន្តធ្វើការរឹបអូសយកម៉ូតូ នឹងសម្ភារៈដែលពាក់ព័ន្ធ ជាពិសេស គឺហៅម្ចាស់ដែលផ្ដល់ទីតាំង ទៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសួរនាំនឹងបំពេញ សំណុំរឿងទៅតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ហួត បូរី អធិការនគបាលក្រុងបានលុងបានឲ្យដឹងថា នៅក្នុងករណី បង្ក្រាប់កន្លែងបើកល្បែងស៊ីសង ជល់មាន់តាមអនឡាញនេះ សមត្តកិច្ចដកហូត បានសម្ភារៈ​​មួយចំនួនធំដូចជា : ម៉ូតូ​ចំនួន​ ២៧​គ្រឿង​ ទូរទស្សន៍​ ៣គ្រឿង​ នឹងម៉ាស៊ីន​កត់​ឆ្នោត​ ១គ្រឿង​ ផងដែរ។

បច្ចុប្បន្ន​ វត្ថុតាង​​បានរឹបអូសយកទៅរក្សាទុក​នៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិតស្រាល ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកម្ចាស់ផ្ទះ បាននាំមកកាន់ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។​

គួរបញ្ជាក់ផងដែរថា នៅក្នុងករណីសមត្តកិច្ចចុះបង្ក្រាបទីតាំង បើកកន្លែងល្បែងជល់មាន់តាមអនឡាញនេះ សមត្តកិច្ចបានហៅម្ចាស់ទី តាំងដែលជាជនជាតិវៀតណាមចំនួន៥នាក់ ទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា សមត្តកិច្ចចាត់ការម្ចាស់ទីតាំងនេះយ៉ាងណានៅឡើយទេ។ ប៉ុន្តែបើតាមលោក លាង អ៊ូ ព្រះរាជអាជ្ញារង បញ្ជាក់នៅល្ងាចថ្ងៃដដែលនេះថា ចំពោះម្ចាស់ទីតាំង និងម្ចាស់ម៉ូតូ​ តុលាការនឹងធ្វើការ តាមនិតិវិធីជាបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង