ស្រ្តីសង្ស័យជាជនជាតិវៀតណាមអះអាងថា ឈ្មោះ ហ៊ុន មុន្នី ត្រូវជាក្មួយស្រី ម្ចាស់ទីតាំងល្បែងសុីសង ភ្នាល់ប្រដាល់ អាចរងបណ្តឹង ពាក់ព័ន្ធ ទូរស័ព្ទជេរប្រមាថ និងគម្រាមអ្នកកាសែត
ភ្នំពេញ៖ស្រ្តីជនជាតិវៀតណាមអះអាងថា ឈ្មោះ ហ៊ុន មុន្នី ត្រូវជាក្មួយស្រី ម្ចាស់ទីតាំងល្បែងសុីសង ភ្នាល់ប្រដាល់ អាចរងបណ្តឹង ពាក់ព័ន្ធ ទូរស័ព្ទជេរប្រមាថ និងគម្រាមអ្នកកាសែត។ទីតាំងនេះ ស្ថិតនៅមុខរោងចក្រទឹកដោះគោ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងកាហ្វេភ្នាល់ប្រដាល់ដាក់លុយ តែងតែប្រព្រឹត្តទៅយ៉ាងរលូន រៀងរាល់ ចុងសប្តាហ៍ តែងស្រែកហូរ កញ្រៀវអូរអរ យ៉ាងអាណាធិបតេយ្យ ចំណែកសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាគ្មានអេីពេីចំពោះទីតាំងខាងលេីនេះ សូម្បីតែបន្តិច។
មហាជនដាក់ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធ អាចទទួលបានការសែនព្រេនពីទីតាំងខាងលេីនេះ ទេីបបានជាគ្មានចំណាត់ការចុះបង្រ្កាបទីតាំងល្បែងខាងលេីនេះសោះ ដោយបណ្តែតបណ្តោយអោយទីតាំងនេះប្រព្រឹត្តទៅយ៉ាងរលូនរាប់ឆ្នាំមកហើយ។
បើតាមសម្តីក្មួយស្រីម្ចាស់ទីតាំងនេះ បានបញ្ជាក់ថា ទីតាំងខាងលេីនេះ បេីកលេងយ៉ាងដុះស្លែរតែម្ដង ប្រមាណជា10 ឆ្នាំមកហេីយ មិនដែលឃេីញមន្រ្តីអាជ្ញាធររូបណាអេីពេីនឹងទីតាំងល្បែងនេះឡេីយ។
ក្រោយពីអ្នកសារព័ត៌មានបាន ចុះទៅថតផ្សាយផ្ទាល់នៅទីតាំងនោះរួចមក រំលងប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមានស្រ្តីម្នាក់សង្ស័យជាជនជាតិវៀតណាមអះអាងថា ឈ្មោះ ហ៊ុន មុន្នី ត្រូវជាក្មួយស្រី ម្ចាស់ទីតាំងល្បែងសុីសង ភ្នាល់ប្រដាល់ បានទូរស័ព្ទជេរប្រមាថ និងគម្រាមអ្នកកាសែត យ៉ាងចាស់ដៃក្នុងវីដេអូក្លីបសំលេងរយៈពេលជិត 20 នាទី។
ចំណែកអ្នកសារព័ត៌មានដែលរងការជេរប្រមាថគំរាមកំហែងនោះ បានមានប្រសាសន៍ថា លោកកំពុងសិក្សាពីនិតិវិធីផ្លូវច្បាប់ដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជាការព្រមានដល់ម្ចាស់ទីតាំងបើកកន្លែង ចាក់ភ្នាល់ល្បែងស៊ីសងល្មើសច្បាប់ហើយ ហ៊ានជេរប្រមាថនិងគំរាមអ្នកកាសែតទៀត។
មហាជនរិះគន់ថា ទីតាំងល្បែងស៊ីសងចាក់ភ្នាល់ប្រដាល់នេះ កំពុងផ្គើន ទៅនឹងអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវលុបបំបាត់ទីតាំង ល្បែងស៊ីសង ចាក់ភ្នាល់លុយកាក់ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានអោយមានប្រសិទ្ធិភាព បែរជាអាជ្ញារធរខណ្ឌឬស្សីកែវ គ្មានចំណាត់រាប់ឆ្នាំមកហើយ។
ពាក់ព័ន្ធទីតាំងល្បែងចាក់ភ្នាល់ប្រដាល់ ខាងលើនេះ លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវបានប្រាប់អោយដឹងតាមទូរស័ព្ទថា លោកបានចាត់អោយមេប៉ុស្តិ៍ បិទទីតាំងនោះហើយ។
មហាជនកំពុងរង់ចាំមើលថា តើទីតាំងល្បែងចាក់ភ្នាល់មួយនេះ អាចបិទបានប៉ុន្មានថ្ងៃ ខណៈដែលស្រ្តីជាអ្នកកាងទីតាំងថា បើកលេងជិត 10 ឆ្នាំមកហើយ មិនដែលមានអាជ្ញារធរមានសមត្ថកិច្ចណាហ៊ានចុះហាមឃាត់ផង៕