សមត្ថកិច្ចនគរបាលក្រុងដូនកែវ បង្រ្កាបបានករណី ចោរលួចម៉ូតូ ប្រគល់អោយម្ចាស់ដើមវិញ

តាកែវ៖​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ ០៥កើត​ ខែ​ភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សូចាន់​ សង្កាត់​រកាក្រៅ​ ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​ ថា​មាន​បាត់​ម៉ូតូ​​ម៉ាក​ហុងដា​គប់​ជ្រុង​ ពណ៌​សំបក​ឪឡឹក​ភ្លាម​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូនកែវ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកាក្រៅ​ និង​កម្លាំង​ប្រជាការពារ​ដេីរ​ល្បាត​ដេីម្បី​ពួនស្ទាក់​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ​ ដឹកនាំ​និង​​បញ្ជា​ដោយ​លោក​ វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​នគរបាល​ក្រុង​ដូនកែវ​។

ក្រោយមក ​ក៏​បាន​ជួប​អ្នក​ជិះ​ម៉ូតូ​០១​នាក់​មាន​ការ​សង្ស័យ​ ក៏​បាន​ឃាត់​ហេីយ​នាំយក​មក​​សាកសួរ​នៅ​អធិការដ្ឋាន​។ ក្រោយ​ពី​ការ​សួរនាំ​រួច​មក​​ ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ធ្វេី​សកម្មភាព​លួច​ម៉ូតូ​ចំនួន​០២​គ្រឿង​ ដោយ​ធ្វើ​សកម្មភាព​លួច​ម្ដង​មួយ​ៗ​ ។

លេីក​ទី​១​​ លួច​នៅ​ចំណុច​ភូមិ​សូចាន់​ សង្កាត់​រកាក្រៅ​ ក្រុង​ដូនកែវ​ ម៉ូតូ​ម៉ាក​ហុងដា​គុបជ្រុង​ ។

លេីក​ទី​២ លួច​នៅ​ចំណុច​ភូមិ​គោក​ឃ្មោង​ ឃុំ​រនាម​​ ស្រុក​ទ្រាំង​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​​ ខណៈ​កំពុង​តែ​ជិះ​គេច​ខ្លួន​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​តែ​ម្ដង​។

ជនសង្ស័យ​មាន​ឈ្មោះ​ អ៊ុង​ ឌឿន​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អង្កាញ់​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ មានទីលំនៅ​បច្ចុប្បន្ន​ និង​មុខរបរ​មិន​ពិត​ប្រាកដ​។

​ករណី​នេះ​លោក​អធិការ​នគរបាល​ក្រុង​ដូនកែវ​ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​រួចហើយ​ដែរ​ ដេីម្បី​ចាត់​ការបន្ត​​ទៅ​តាម​នីតិវិធី​ច្បាប់​។

ចំណែក​ម៉ូតូ​ដែល​ជា​វត្ថុតាង​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង