ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ កោះហៅលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវ បំភ្លឺ ក្រោយបែកធ្លាយ សំលេង គំរាមសម្លាប់កូនចៅក្រោមឱវាទ !
ភ្នំពេញ ៖ ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ កោះហៅលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវដើម្បីបំភ្លឺ ជំុវិញ ថ្មីៗនេះ មានការភ្ញាក់ផ្អើល នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែមានការបែកធ្លាយនូវសម្លេងគំរាមសម្លាប់ កូនចៅក្រោមឱវាទ របស់ខ្លួន ពីសំណាក់ លោកអធិការរងនគរបាលខណ្ឌឫស្សីកែវ លោក ចាន់ ពៅ ទទួលផែនសេនាធិការរូបនេះ។
តាមប្រភព បានឲ្យអ្នកសារព័ត៌មានយើងដឹងថា មូលហេតុដែលឈានដល់មានការគំរាមកំហែងសម្លាប់និងទម្លាក់បុណ្យសក្តិ ពីសំណាក់លោកអធិការង ចាន់ ពៅ ដោយសារតែលោកអធិការរងរូបនេះ មានការខឹងសម្បារចំពោះលោក លី រ៉ូហ្សាត នាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ ដែលមិនព្រម ដោះលែងជនសង្ស័យបើកបរមានជាតិស្រវឹងលើសកំរិត តាមការស្នើសុំកិច្ចអន្តរាគមន៍របស់ខ្លួន។
ខ្លឹមសារ នៃសារសំលេង គំរាមកំហែងនេះ បានបញ្ជាក់ថា ” ចុយ ! អាឡូវឯងថ្លើមធំដល់ប៉ុណ្ណឹងហ្អេ..ហ្អីឯងធើហ្នឹងបានអត់ហ្អា…ឈ្នះអញអត់ …អាឡូវគេដោះលែងបាត់ហើយនៀក…ហ្អេងកុំស្មានហ្អា.. ហ្អេងកូនចៅអញកុំចង់មកច្រលោត..ហ្អី ហ្អេងនិយាយមិញពាក្យឈ្លើយហ្អាណា…ម៉ាជីវិតនេះឯងបានត្រឹមប៉ុណ្ណឹងហ្អេ អត់មានតទៅទៀតហ្អេ..ខ្លាំង! ហ្អែងចង់ខ្លាំង ងាប់ចោលប្រពន្ធចោលកូនហ្អេង…ហ្អេងនៅតែប៉ុណ្ណឹងមួយជីវិត ឬក៏អាចចុះជាងហ្នឹងទៀត…ហ្អេងស្មានតែ 07 ហ្នឹងជួយហ្អែងបានហ្អេ? 07 ច្រលោតខ្លាំងណាស់ រញ៉េរញ៉ៃបិទអាកុលចោលទៀត បិទប៉ុន្មានខែហ្នឹងដោយសារយើង ជាអ្នកឱ្យបិទហ្អេ…. “។
តាមរយៈខ្សែអាត់សំឡេង ដែលបានបែកគ្នានេះ មហាជនបានសម្ដែងការរិះគន់ថា បុគ្គលឈ្មោះ ចាន់ ពៅ ដែលមានតួនាទីជាអធិការរងនគរបាលខណ្ឌឬស្សីកែវ ពិតជាមាន អំណាចខ្លាំងមហិមារមានឥទ្ធិពល លើស លោក គល់ យី ដែលជាអធិការក៏ដូចជាអធិការរងផ្សេងៗទៀតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវទាំងមូល។ហើយលោកអធិការរង ចាន់ ពៅ រូបនេះយកកិច្ចអន្តរាគមន៍មកអនុវត្តជំនួសច្បាប់ ផ្គើនទៅនឹងអនុសាសន៍ក៏ដូចជាសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំស្នងការនគរបាលនិងក្រសួងមហាផ្ទៃ ជាពិសេសប្រឆាំងទៅនឹងវប្បធម៌អន្តរាគមន៍ដែលប្រកាសឲ្យលុបបំបាត់ចោល ដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
មហាជនបានសម្ដែងការរិះគន់ជាថា តាមរយៈខ្សែអាត់សំឡេងនេះ បានបញ្ជាក់ពីការយកអំណាចបុណ្យស័ក្កតួនាទីជាអធិការរងនៅក្នុងអង្គភាពមកសម្លុត គំរាមកំហែង និងគាបសង្កត់ បំបាក់ស្មារតី ដល់កូនចៅក្រោមឱវាទ ឱ្យប្រព្រឹត្តល្មើសច្បាប់ តាមបទបញ្ជារបស់ខ្លួន ដែលជាទង្វើមហាជនស្អប់ខ្ពើម។
ប្រភពផ្សេងទៀត បានបង្ហើបឲ្យដឹងថា លោកអធិការរង ចាន់ ពៅ មានតួនាទីជាអ្នកអនុវត្តច្បាប់បែរជា ប្រព្រឹត្តអំពើល្មើសច្បាប់ ជាគំរូអាក្រក់ក្នុងជួរកងកម្លាំងសមត្ថកិច្ច អាចត្រូវរងនូវពិន័យខាងកងកម្លាំង និង អាចប្រឈមការផ្អាកការងារផងដែរ ។
ពាក់ព័ន្ធនឹងខ្សែអាត់សម្លេងបែកធ្លាយនេះ លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបំភ្លឺថា ក្រោយពីបានជួបគ្នាហើយរវាងលោក ចាន់ ពៅ និង លោក លី ហ្សាត រួចមក គឺ ពួកគាត់ទាំង២នាក់ មិនមានការប្តឹងផ្តល់គ្នាទេ ៕