លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាឲ្យលោកអធិការចុះពិនិត្យ និងហៅម្ចាស់ផ្ទះ បើកបនល្បែងស៊ីសងខុសច្បាប់ នៅផ្សារថ្នល់ទទឹង មកធ្វេីកិច្ចសន្យាបញ្ឈប់

តាកែវ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានការបើកលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ចេក និង ឈ្មោះ ម៉េត ជ្រកក្រោមហាងកាហ្វេ នៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឲ្យ ថ្មីពិត ដឹងថា លោកបានបញ្ជាភ្លាមៗឲ្យលោកអធិការនគរបាលស្រុក ចុះពិនិត្យ និងហៅម្ចាស់ផ្ទះ បើកបនល្បែងស៊ីសងខុសច្បាប់ ទាំងនោះមកធ្វេីកិច្ចសន្យាបញ្ឈប់ជាបន្ទាន់។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាននោះបានឲ្យដឹងថា បនល្បែងស៊ីសងខុសច្បាប់នេះ គឺជាប្រភពបង្កើតអោយមានអំពើហិង្សា អសន្តិសុខសង្គម បទល្មើសលួច ឆក់ប្លន់ ជួញដូរគ្រឿងញៀន កើតមានជាហូរហែរ ដែលកើតចេញពីការចាញ់ល្បែងស៊ីសងខុសច្បាប់ខាងលើនោះ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

អត្ថបទដែលជាប់ទាក់ទង