ទើបតែសម្រាលកូនប៉ុន្មានថ្ងៃសោះ គង់ ចាន់ស្រីមុំ តុបតែងខ្លួនឡើងខ្ញង់
រាជធានីភ្នំពេញ ៖ តារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ គិតមកដល់ត្រឹមថ្ងៃនេះ សម្រាលកូនស្រីដំបូងបានប្រមាណជា៧ថ្ងៃហើយ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺក្រោយពីសម្រាលកូនស្រីហើយ គេបានសម្គាល់ឃើញតារាសម្តែងរូបនេះ នៅតែមានសម្រស់ស្រស់ស្អាត និងមានការតុបតែងខ្លួនខ្ញង់ស្ទើរមិនដឹងថានាងសរសៃខ្ចីឡើយ។
ពេលនេះ គង់ ចាន់ស្រីមុំ និងកូនស្រី គឹម សីហ៍មរកត មានសុខភាពល្អជាធម្មតា ហើយពួកគេនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១៣ នេះ។ អ្វីដែលកត់សម្គាល់នោះ គ្រាន់តែ គង់ ចាន់ស្រីមុំ សម្រាលកូនភ្លាមគេសង្កេតឃើញមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្របានសម្តែងការត្រេកអររំភើបជំនួសនាង។
ក្នុងនោះអ្នកសិល្បៈជាច្រើនបានទៅសួរសុខទុក្ខតារារូបនេះដល់មន្ទីរពេទ្យថែមទៀត ដែលកាន់តែធ្វើឱ្យ គង់ ចាន់ស្រីមុំ និងស្វាមីរំភើបចិត្តជាខ្លាំង។ អ្វីដែលកត់សម្គាល់ទើបសម្រាលកូនសោះ តែគេសម្គាល់ឃើញ គង់ ចាន់ស្រីមុំ នៅតែមានរូបសម្រស់ស្រស់ស្អាត និងមានការតុបតែងខ្លួនខ្ញង់សមនឹងមហាជនដាក់ងារថា ជាអ្នកម្តាយហាយសូរពិតមែន។ មានមិត្តនារីមិនតិចទេ ដែលប្រាថ្នាចង់បានជីវិតគូមានសំណាងដូច គង់ ចាន់ស្រីមុំ។
គួរបញ្ជាក់ផងដែរថា គង់ ចាន់ស្រីមុំ បានសម្រាលកូនដោយការវះកាត់ កាលពីថ្ងៃទី៧ ខែកក្កដា នៅវេលាម៉ោង០៧ និង៣៧នាទី នៅមន្ទីរពេទ្យចិត្រា។ បើតាម គង់ ចាន់ស្រីមុំ បានប្រាប់ឱ្យដឹងថា ឈ្មោះកូនស្រីរបស់នាង គឺសម្តេចសង្ឃ ប៊ូគ្រី ជាអ្នកដាក់ឱ្យ៕