មន្រ្តីច្រកចេញចូលតែមួយរបស់ ក្រសួងអប់រំយុវជននិងកីឡាឈ្មោះ ភារម្យ រងការរិះគន់ថា សុីដាច់លុយ ៤ លានរៀលនិង 400 ដុល្លារ ជាថ្នូរនឹងការសុំបើកសាលាចំណេះទូទៅឯកជនមិនបានសម្រេច

ភ្នំពេញ៖ មន្រ្តីច្រកចេញចូលតែមួយ របស់ក្រសួងអប់រំយុវជន និងកីឡា ដែលត្រូវបានគេអះអាងថា ឈ្មោះ លោក ភារម្យ បានរងការចោទប្រកាន់ថា ទាមទារលុយ ៤ លាន រៀល និងប្រាក់ដុល្លា 400 ដុល្លារមជាថ្នូរនឹងការសុំរត់បើកអាជ្ញាប័ណ្ណ សាលាចំណេះទូទៅ របស់អង្គការក្រៅរដ្ឋាភិបាលមួយ មិនបានសម្រេច ហើយគេចវេសមិនព្រមប្រគល់ថវិកាទាំងអស់ មកឱ្យម្ចាស់ដើមគេវិញ។

បើតាមការអះអាង របស់ជនរងគ្រោះ ដែលជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយរូប សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឱ្យដឹងថា ក្នុងគោលបំណង ចូលរួមចំណែក បណ្ដុះបណ្ដាលធនធានមនុស្ស ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ទើបអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា ETC បានសម្រេចសុំច្បាប់ ទៅក្រសួងអប់រំយុវជននិងកីឡា ដែលមានបុគ្គលឈ្មោះ ភារម្យ ដែលគេអះអាងថាគឺជាមន្រ្តីធ្វើការនៅទីនោះ ដើម្បីធ្វើការសុំបើកអាជ្ញាប័ណ្ណស្របច្បាប់ សាលារៀនចំណេះទូទៅ ទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដើម្បីបង្រៀនសិស្សក្រីក្រ កុមារកំព្រាឬសិស្សដែលមានជីវភាពខ្វះខាត។ មន្រ្តីច្រកចេញចូលតែមួយនេះទាមទារថវិកាមួយចំនួន ដើម្បីយកទៅបង់ថ្លៃ អាជ្ញាប័ណ្ណនិងថវិការរត់ការផ្សេងៗ ខាងអង្គការនោះបានប្រគល់ថវិការ លើកទី១ ចំនួន ៤ លានរៀល លើកទី២ ចំនួន ៩ លានរៀល និងសេវាផ្សេងៗ ៨៥០ ដុល្លា ទៀត។

ជនរងគ្រោះបានបន្តទៀតថា លុះមួយរយៈក្រោយមកអាជ្ញាប័ណ្ណក៏មិនបាន ពួកគាត់ស៊ើបដឹងថា មន្រ្តីឈ្មោះ ភារម្យ នេះមិនបានយកថវិកា ដែលទទួលពីខាងអង្គការពួកគាត់ ទៅទៅរត់ការ ក្នុងការសុំបើកអាជ្ញាប័ណ្ណនោះទេ ដោយពួកគាត់មិនអាចរងចាំបន្តទៀតបាន ពួកគាត់បានពឹងពាក់មន្ត្រីដទៃទៀត ស្នើសុំបើក អាជ្ញាប័ណ្ណសាលាបានសម្រេច។

ចំណែកថវិកា ដែលពាក់ព័ន្ធជាមួយនឹងមន្រ្តី ឈ្មោះ ភារម្យ ខាងអង្គការ ស្នើសុំយកថវិកាត្រឡប់ មកវិញ តែប្រាក់ ៤ លានរៀល និង ប្រាក់ដុល្លា ៤០០ ដុល្លា តែ បុគ្គល ឈ្មោះ ភិរម្យ នេះ ចេះតែរកលេស គេចវេស មិនព្រមជួបគ្នាដោះស្រាយសងប្រាក់មកពួកគាត់វិញទេ ថែមទាំងមិនព្រមលើកទូរស័ព្ទ និយាយដោះស្រាយ ជាមួយជនរងគ្រោះទៀតផង។

ពាក់ព័ន្ធ នឹងការចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ទៅលោក ភារម្យ នេះ ដើម្បីសុំការស្រាយបំភ្លឺ ម្ដងរួចមកហើយ លោក ភារម្យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ចំនួនខាងលើ ពីអង្គការក្រៅរដ្ឋាភិបាលមួយនេះ ពិតប្រាកដមែន ជាថ្នូរនិងការរត់ការ សុំបើកអាជ្ញាប័ណ្ណ សាលាចំណេះទូទៅ ពីក្រសួង អប់រំយុវជន និងកីឡា ដោយលោកបានសន្យាថា នឹងជួបដោះស្រាយសងប្រាក់ មកភាគីរងគ្រោះវិញ ប៉ុន្តែរយៈពេលពីរ បីខែ កន្លងមកហើយ មិនឃើញភាគីខាង លោក ភារម្យ នេះទំនាក់ទំនងមកភាគីជនរងគ្រោះ ដើម្បីសងប្រាក់នេះវិញទេ ពេលដែលជនរងគ្រោះ បានតេតាមទូរស័ព្ទទៅទំនាក់ទំនង បែរជា លោកមិនព្រមលើកទូរស័ព្ទនិយាយដោះស្រាយជាមួយជនរងគ្រោះឡើយ។

ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពស្ម័គ្រចិត្តមកចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗក៏ដូចជាការសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ដល់ជនរងគ្រោះ ជនក្រីក្រ កុមារកំព្រាព្រមទាំងធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងចំណេះដឹងទូទៅភាសាខ្មែរ ភាសាអង់គ្លេស ជូនដល់ពលរដ្ឋកម្ពុជា ពួកគាត់សូមអំពាវនាវ ដល់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា សូមជួយចាត់វិធានការចំពោះ មន្រ្តីច្រកចេញចូលតែមួយ ដែលមានឈ្មោះ ភារម្យ នេះផង ដើម្បីកុំឱ្យបុគ្គលនេះយកឈ្មោះ ក្រសួងអប់រំ ដើម្បីបោកប្រាស់យកថវិការបស់ជនរងគ្រោះដទៃទៀត។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការស្រាយបំភ្លឺពីអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបាននៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង