សម្ថតកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាជនជាតិចិន នៅចំណុចផ្លូវបំបែកអង្គតាសោម ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អ្នកបើកបររថយន្ត Lexus RX300
ខេត្តតាកែវ ៖ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់រថយន្ត) មួយករណី បង្កឡើងដោយជនជាតិចិនចំនួន ០២នាក់ (ស្រី០១នាក់) មាន ទី១.ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងទី២.ឈ្មោះ សែវ ជីន ភេទស្រីអាយុ ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ ដែលបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់អ្នកបើកបរយករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-8959 នៅចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី។
សមត្ថកិច្ច បានឲ្យដឹងថា ខណៈពេលជនសង្ស័យជួលរថយន្តខាងលើ ពីចំណុចពោធិ៍ចិនតុង រាជធានីភ្នំពេញ ជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត លុះមកដល់ចំណុចកើតហេតុ ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយបានប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្តាលឲ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យបានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត។
ក្រោយពេលទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេរ រហូតវេលាម៉ោង ១៩:៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង ០២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។ បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕