ឯកឧត្តម អ៊ុយ សុធាវី នាំយកអំណោយ និងដឹកនាំកម្លាំងចម្រុះចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ២០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកសំពៅលូន

ដើម្បីឆ្លើយតបការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការណែនាំជំរុញពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយស្រុកសំពៅលូន ខេត្តបាត់ដំបង បាននាំយកអង្ករ ស័ង្កសី និងថវិកាមួយចំនួន និងដឹកនាំកងកម្លាំងក្នុងមូលដ្ឋានដើម្បីចុះជួយជួសជុលផ្ទះសម្បែងបង ប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីពេលថ្មីកន្លងទៅនេះ ក្នុងឃុំមួយចំនួនរបស់ស្រុកសំពៅលូន ជាពិសេសប្រជាពលរដ្ឋក្នុងឃុំសិរីមានជ័យ។ ក្នុងឱកាស ចុះជួយជួសជុលផ្ទះ និងចែកអំណោយដល់ក្រុមគ្រួសាររងគ្រោះទាំង២០គ្រួសារ ក៏មានវត្តមានថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន និងមូលដ្ឋានភូមិឃុមទីនោះផងដែរ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំពៅលូន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសពីឯកឧត្តម ងួន រតន: ដោយបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ថា ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមក្រុមការងារចុះជួយ ស្រុក-ឃុំ គឺយើងបានដឹកនាំកម្លាំងចម្រុះ មានមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន ថែមទាំងយកអំណោយមួយចំនួនដើម្បីចុះសួរសុខទុក្ខ និងជួយចែករំលែកសម្រួល ដល់ការលំបាករបស់បងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់។

ក្នុងនោះនាំយកស័ង្កសី ប្រមាណ៣០០សន្លឹក និងចែកអំណោយក្នុង១គ្រួសារៗ អង្ករ២៥គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ព្រមទាំងប្រគេនព្រះសង្ឃក្នុង “វត្តគំនរបេង ” នូវអង្ករ៥០គ.ក្រ និងថវិកា២០ម៉ឺនរៀលផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ផងដែរថា ការយកអំណោយមកចែកជូនបងប្អូនរងគ្រោះនៅពេលនេះ គឺការគិតគូររួមចំណែកក្នុងការចែករំលែកជួយគ្នា នៅក្នុង គ្រាជួបការលំបាកដោយសារតែគ្រោះធម្មជាតិ។

ឯកឧត្តមក៏បានធ្វើផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងផ្គររន្ទះ ជាពិសេស ពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែនាំមកនូវខ្យល់កន្រ្តាក់ និងបង្កនូវមហន្តរាយដល់ផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិបងប្អូន។ ដូចនេះ ពេលមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ មកជាមួយនោះ សូមបងប្អូនរត់រកទីសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតយើង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារ ព្រមទាំងកងកម្លាំង ទាំងអស់ បានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង