គ្មាននរណាហ៊ានប៉ះពាល់លោក សំ កុសល មេគយខេត្តកោះកុង
ខេត្តកោះកុង ៖ រឿងអាស្រូវពុករលួយច្រើនបែបច្រើនរូបភាពរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកោះកុង រួចមកគឺលោក សំ កុសល ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ជាពិសេសគឺឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។
ជាងនេះទៅទៀតលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានឃុបឃិតឲ្យឈ្មួញធំៗមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ មិនតែប៉ុណ្ណោះលោក សំ កុសល បានរក្សាទុកប៉ុស្ដិ៍ជជុះរបស់គយចល័តនៅចំណុចអណ្ដូងទឹកដើម្បីគាបយកលុយលើតុក្រោមតុពីឈ្មួញតាមអំពើចិត្ត បើទោះបីឈ្មួញខ្លះនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ។
សេចក្ដីរាយការណ៍ពីមន្ត្រីគយ និងភ្នាក់ងារគយមួយចំនួនក្នុងខេត្តកោះកុង បានឲ្យដឹងទៀតថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាម និងតាមច្រកស្រែអំបិល ច្រកប៉ាក់ខ្លងជាដើម គឺឈ្មួញបង់ពន្ធចូលរដ្ឋត្រឹម២៥ទៅ៣៥ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក សំ កុសល យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះឈ្មួញនៅតែអាចនាំចូលម៉ូតូគេចពន្ធទំនើបៗ រថយន្តគេចពន្ធទំនើបៗ និងទំនិញគេចពន្ធជាច្រើនប្រភេទតាមច្រកព្រំដែនគោក និងច្រកដែនសមុទ្រក្នុងខេត្តកោះកុង ដោយសារតែមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល មេគយខេត្តកោះកុង៕ ប្រភព ៖ http://www.moneaksekar.com/78934.html/