ប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តសៀមរាប ឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុក
ខេត្តសៀមរាប ៖ មួយរយៈកន្លងទៅនេះឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ចូលមកលក់ចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងក្រុងសៀមរាប យ៉ាងរលូនដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីពុករលួយ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាជា ខ្នងបង្អែកយ៉ាងរឹងមាំរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះហើយទើបបទល្មើសព្រៃឈើនៅក្នុងខេត្តសៀមរាប បន្តកើតឡើងយ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងសប្បាយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។
ថ្មីៗនេះមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញ៣នាក់គឺឈ្មួញឈ្មោះ ចាន់ណា ឈ្មួញឈ្មោះ ស្រេង ឈ្មួញឈ្មោះ ពៅ កំពុងសម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ចូលក្រុងសៀមរាប យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ការដែលឈ្មួញទាំង៣នាក់ខាងលើនេះអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផងដែរ។ ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតឡើយព្រោះបទល្មើសដឹកជញ្ជូនឈើពីខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប នៅតែកើតឡើងយ៉ាងរាលដាលខ្លាំងក្លាជាងមុនទៅទៀត។
តាមការបង្ហើបពីមន្ត្រីមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី២៨ ខែមិថុនា កន្លងទៅថ្មីៗនេះមានរថយន្តយីឌុបធុនធំ១គ្រឿងដឹកឈើពីខេត្តព្រះវិហារ ចូលតាមស្រុកស្វាយលើ និងស្រុកសូទ្រនិគម យកមកទម្លាក់ក្នុងដេប៉ូនៅភូមិជន្លង់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើណាទៅក្បែរនោះទេ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តដឹកឈើប្រមាណ៦០ម៉ែត្រគូបនោះអាចចូលមកទម្លាក់ឈើនៅដេប៉ូក្នុងភូមិជន្លង់ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទរួចទៅហើយ។ មានន័យថា លោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងក្រអឺតក្រទមតែម្តង។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើដែលស្និទ្ធនឹងលោក ម៉ុង ប៊ុនលីម បានឲ្យដឹងថា កាលពីពេលលោក ម៉ុង ប៊ុនលីម នៅធ្វើជានាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងស្រុកបន្ទាយស្រី ចំណុចផ្លូវចូលកន្ទួតខ្នារក្រៅ និងផ្លូវទៅស្រុកអន្លង់វែង គឺលោក ម៉ុង ប៊ុនលីម ប្រើតួនាទី និងអំណាចប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងគឃ្លើន។ តាមរយៈឥទ្ធិពលលុយនោះហើយទើបលោក ម៉ុង ប៊ុនលីម ផ្លោះតំណែងពីនាយសង្កាត់រដ្ឋបាលព្រៃឈើឡើងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប យ៉ាងក្រអឺតក្រទមទាំងមិនបានឆ្លងកាត់តំណែងនាយផ្នែករដ្ឋបាលព្រៃឈើម្តងណាឡើយ។
ឥឡូវនេះលោក ម៉ុង ប៊ុនលីម កំពុងឃុបឃិតឲ្យឈ្មួញ៣នាក់គឺឈ្មួញឈ្មោះ ចាន់ណា ឈ្មួញឈ្មោះ ស្រេង និងឈ្មួញឈ្មោះ ពៅ ដឹកជញ្ជូនឈើពីខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប យ៉ាងពេញបន្ទុកហើយសូម្បីតែលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។ តាមប្រភពពីឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា ពួកគេបង់លុយប្រចាំជើង និងប្រចាំខែឲ្យលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ទើបអាចដឹកជញ្ជូនឈើមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប យ៉ាងរលូនដូចសព្វថ្ងៃនេះ៕ ប្រភព ៖ http://www.moneaksekar.com/78947.html/