ការធ្វេសប្រហែសពីអាណាព្យាបាលបណ្តាលអោយកូនជាទីស្រលាញ់២នាក់បងប្អូនលង់ទឹកស្លាប់

ខេត្តបាត់ដំបង:អាសូរកូនប្រុសស្រីជាទីស្រលាញ់២នាក់បងប្អូនបានស្លាប់យ៉ាង អាណោចអាធម៌ខណះដែលឪពុកម្តាយមានការធ្វេសប្រហែសមមាញឹកនិងការងាររបរចិញ្ចឹមជីវិតផងនោះក៏បណ្តាលអោយកូនប្រុសស្រីដើរទៅលេងទឹកស្រះលង់ស្លាប់ទាំងពីរនាក់បងប្អូនតែម្តង។ សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍គួរអោយសង្វេគខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នៅចំណុចបឹងតាលីចំងាយប្រមាណ៥៥០០ម៉ែត្រក្នុងភូមិសាស្រ្តភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។ សមត្ថកិច្ចបានបន្តអោយដឹងថាក្មេងរងគ្រោះទាំងពីនាក់បងប្អូនមានឈ្មោះ និត.រក្សា ភេទស្រីអាយុ៣ឆ្នាំនិងម្នាក់ទៀតឈ្មោះ និត.សំណាង ភេទប្រុសអាយុ១៦ខែ ជាប្អូន ទាំងពីរនាក់រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។

តាមសម្តីរបស់ឈ្មោះ ម៉ាន់.ប៉ុនអាយុ៦៥ឆ្នាំត្រូវជាជីតាបង្កើតរបស់ក្មេងរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់និងកូនស្រីបង្កើតរបស់គាត់ឈ្មោះ ប៉ុន.ធារី អាយុ២៥ឆ្នាំដែលជាម្តាយក្មេងរងគ្រោះទាំងពីរនាក់បានទៅស្នាក់នៅប្រកបមុខរបរឃ្វាលគោនិងធ្វើចំការនៅកន្លែងកើតហេតុខាងលើ ហើយមុនពេលកើតហេតុគាត់បានភ្ញាក់ពីដេកក៏ឮសម្លេងកូនស្រីរបស់គាត់ដែលជាម្តាយក្មេងរងគ្រោះបានស្រែកថាបាត់កូនអស់ហើយភ្លាមនោះរូបគាត់និងកូនស្រីបាននាំគ្នាដើររកកូននិងចៅទាំងពីរក៏ប្រទះឃើញលង់ទឹកស្រះទាំងពីរនាក់បងប្អូនដែលនៅចំងាយពីខ្ទម២០ម៉ែត្រទៅហើយ។

ភ្លាមៗនោះគាត់និងកូនស្រីក៏បានស្ទុះទៅស្រង់ពីក្នុងទឹកដើម្បីយកមកធ្វើចលនាអោយទឹកចេញតាមមាត់ទាំងពីរនាក់ប៉ុន្តែជាអកុសលវាហួសពេលបាត់ទៅហើយមិនដឹងថាកូនទាំងពីរបានស្លាប់តាំងពីពេលណានោះទេ។ ជាមួយគ្នានោះដែរក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចក៏បានចុះទៅពិនិត្យលើសាកសពក្មេងរងគ្រោះទាំងពីរ ប៉ុន្តែពំុមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់នោះទេ ទើបដាក់ការសន្និដ្ឋានថាក្មេងរងគ្រោះទាំងពីរនាក់បងប្អូនពិតជាបានស្លាប់ដោយការលង់ទឹកពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចក៏បានប្រគល់សាកសពក្មេងរងគ្រោះទាំងពីរនាក់អោយខាងក្រុមគ្រួសារយកតំកល់ធ្វើបុណ្យនៅវត្តកាច់រទេះទៅតាមប្រពៃណីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង