អ្នកទោសម្នាក់បង្កើតកូនហើយរត់ចោលបាត់ ឥឡូវសមត្ថកិច្ចចាប់បាន
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកទោសម្នាក់ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានការឃាត់ខ្លួនបានមកវិញ បន្ទាប់ពីស្ត្រីរូបនេះ បានរត់គេចខ្លួនពីសំណាញ់ច្បាប់ អំឡុងពេលដែលអនុរក្សពន្ធនាគារព្រៃស បញ្ជូនទៅសម្រាលកូន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ស្ថិតក្នុងខណ្ឌដូនពេញ កាលពីចុងឆ្នាំ២០១៧។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចភូមិដើមចាន់ ភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខណៈជនសង្ស័យកំពុងដើរលើដងផ្លូវ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ ជា សុខធី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ លោក ម៉ៅ សឿត អធិការស្តីទី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០០១ អ.យ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ចេញដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ អំពើអូសទាញពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន កាលពីដើមឆ្នាំ២០១៧។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំបញ្ជូនខ្លួន និងសំណុំរឿងទៅតុលាការ នៅព្រឹកស្អែក ដើម្បីបន្តនីតិច្បាប់។ គួររំលឹកថា ស្ត្រីខាងលើ បានលួចរត់គេចខ្លួនបាត់ស្រមោលសូន្យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រំលងអាធ្រាត្រ បន្ទាប់ពីរូបនាងត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនទៅសម្រាលកូននៅ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ស្ថិតក្នុងខណ្ឌដូនពេញ។ ដែលអំឡុងពេលនោះ ឈ្លៀតឱកាសដែលអនុរក្សពន្ធនាគារកំពុងលង់លក់ក្នុងដំណេក នាងក៏រត់គេចខ្លួនចេញតាមបង្អួចទៅបាត់តែម្តង ដោយបន្សល់ទុកទារិការម្នាក់ដែលទើបនឹងចាប់កំណើត ឲ្យរស់នៅគ្មានម្តាយឪពុក៕