យុវជនម្នាក់ បានស្លាប់ភ្លាមៗក្នុងហេតុការណ៍ទុស្តសេដាច់ខ្សែកាបមេបញ្ជូនចរន្តអគ្គិសនី
(ខេត្តរតនគិរី)÷ មានករណីគួរឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចទាំងកណ្តាលយប់ ខណ:មានហេតុការណ៍ទុស្តសេខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩បណ្តាលឲ្យតៃកុងរថយន្តម្នាក់មានឈ្មោះថូ រតនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ក្រុមតាស៊ុយសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងផ្ទុះកង់រថយន្តចំនួន១២គ្រាប់។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា មុនពេលកើតហេតុតៃកុងរថយន្តខាងលើបានរៀបចំចតរថយន្តរបស់ខ្លួននៅចំហៀងផ្ទះហើយបានចូលទៅដេកនៅក្នុងការប៊ីនរថយន្តមួយសន្ទុះក្រោយមកក៏ស្រាប់តែមានការទុស្តសេខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីបណ្តាលឲ្យដាច់ខ្សែកាបមេនោះធ្លាក់មកលើរថយន្តហើយចុងខ្សែធ្លាក់ដល់ដីប៉ះនិងកង់រថយន្តបណ្តាលឲ្យផ្ទុះកង់អស់ចំនួន១២គ្រាប់លាន់រំពងដូចគ្រាប់បែកទាំងកណ្តាលយប់បង្កឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចស្លន់ស្លោរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះរត់ចែកជើងគ្នា។
ប្រភពបានបន្តទៀតថា ក្រោយពីផ្ទុះកង់រថយន្តតៃកុងរថយន្តខាងលើក៏បានបើកទ្វាលោតចេញមកក្រៅក៏ប៉ុន្តែស្របពេលនោះដៃតៃកុងប៉ះទៅនិងដែកទ្វារថយន្តបណ្តាលឲ្យឆក់ធ្លាក់ពីលើរថយន្តផ្កាប់មុខមកដីស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនោះតែម្តង។ ក្រោយកើតហេតុគេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចំនួន២គ្រឿងនិងរថយន្តរបស់អធិការស្រុកអូរជុំចំនួន១គ្រឿងដើម្បីអន្តរាគមន៍ជួយបាញ់ពន្លត់ ហើយក្នុងនោះក៏មានមន្ត្រីខាងអគ្គិសនីចុះទៅពិនិត្យនិងបិតចរន្តអគ្គិសនីផងដែរ។ ហើយក្នុងនោះក៏មានរថយន្តសាមុយរបស់ស្នងការខេត្តបានមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលខាងមន្ទីរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ទាក់ទងទៅនិងករណីខាងលើនេះ ប្រធានអគ្គិសនីខេត្តរតនគិរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះបានទេព្រោះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅផ្នែករដ្ឋបាលនិងមន្ត្រីអគ្គិសនីមួយចំនួនទៀត ប៉ុន្តែពួកគាត់ដូចជាមានការលាក់លាមហើយឆ្លើយថាអត់ស្គាល់លេខមេទេ។
ចំណែកក្រុមគ្រួសារនៃសពរបស់ជនរងគ្រោះបានសូមអំពាវនាវដល់លោកប្រធានអគ្គិសនីខេត្តរតនគិរីគួរតែចេញមុខទទួលខុសត្រូវក្នុងករណីទុស្តសេដាច់ខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីនេះផង មិនគួរគេចវេសនោះទេ ព្រោះថាហេតុការណ៍ខាងលើនេះវាបណ្តាលមកពីទុស្តសេខ្សែកាបមេរបស់អគ្គិសនីទេដែលបានដាច់ធ្លាក់មកប៉ះនិងរថយន្តរបស់គាត់ដែលចតទុកស្ងៀមនៅក្បែរផ្ទះទើបបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងរថយន្តយ៉ាងដូច្នេះ៕