សមត្ថកិច្ចចម្រុះស្រុកលំផាត់ ធ្មក់បង្ក្រាបគោយន្តច្នៃមួយគ្រឿងបានឈើផ្ចឹក៤ដើម

ខេត្តរតនគិរី÷ គោយន្តកែច្នៃមួយគ្រឿងបានលួចដឹកជញ្ជូនឈើខុសច្បាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកលំផាត់បង្ក្រាប។ ករណីចុះបង្ក្រាបគោយន្តដឹកឈើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចអូរក្រែង ស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រតិបត្តិការចុះបង្ក្រាបដឹកនាំកម្លាំងដោយលោកធឹម ងោល ប្រធានស្នាក់ការបរិស្ថានស្រុកលំផាត់ ក្នុងនោះរួមមាន÷ កម្លាំងអធិការនគរបាលស្រុកលំផាត់ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងដែនជម្រកសត្វព្រៃស្រុកលំផាត់ និងកម្លាំងកងរាជអាវុធហត្ថស្រុកលំផាត់ បានចុះបង្ក្រាបគោយន្តកែច្នៃ មួយគ្រឿងម៉ាក អីហ្វា ដឹកឈើមូលផ្ចឹក កាត់ចុងកាត់គល់ចំនួន ៤ដើម មុខកាត់៤០ មានប្រវែង ៩ម៉ែត្រ។ ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនោះដែរ អ្នកបើកបរបានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុ។ បច្ចុប្បន្នគោយន្តនិងឈើត្រូវបានកម្លាំងបរិស្ថានរឹបអូសយកមករក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃស្រុកលំផាត់ដើម្បីរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ៕ សាវ័ន

អត្ថបទដែលជាប់ទាក់ទង