អភិបាលខេត្តស្វាយរៀង​ អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិត​ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត​

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធីបតីភាពក្នុង ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអបអរសាទរខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការអន្តជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត​ ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបទៀត សរុបចំនួនប្រមាណ១៥០០នាក់។ បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ​ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ សម្តែងនូវការនឹករលឹក​ ចំពោះបងប្អូន ក្មួយៗ កម្មករនិយោជិតដែលបានចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ក្នុងនាមអាជ្ញាធរខេត្ត​ សូមសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណ​ ចំពោះមន្ទីរ អង្គភាព កងកម្លាំង ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលបានចូលរួមសហការធ្វើអោយបរិយាកាសនៅ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រទាំងអស់ក្នុងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារបានល្អប្រសើរ។ ទាំងនេះបានមកពីកត្តាសំខាន់ៗមួយចំនួនទៀតដែលរាជរដ្ឋាភិបាលសម្រេចបានដូចជា​ ៖ -បើគ្មានសន្តិភាព​ យើងមិនអាចនិយាយពីការអភិវឌ្ឍន៍បានឡើយ។ -បើគ្មានសន្តិភាព មិនអាចនិយាយពីការវិនិយោគ មិនអាចនិយាយពីការងារធ្វើ ឬការជួបជុំដូចពេលនេះឡើយ។ -កំឡុងឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត ប្រទេសជាតិត្រូវខ្ទេចខ្ទាំ គ្មានសល់ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនជាង​ ៣លាននាក់​ ត្រូវបានសម្លាប់។ -តែផ្ទុយទៅវិញប្រទេសជាតិយើងសព្វថ្ងៃនេះ ដោយឡែកខេត្តស្វាយរៀងកំពុងទទួលបាននូវផ្លែផ្កាយ៉ាង ធំធេងពីសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាជនកាន់តែមានជីវភាពល្អប្រសើឡើង ។ ឯកឧត្តមទៀតបន្តថា វឌ្ឍនៈភាពនៃវិស័យឧស្សាហកម្មកាត់ដេនៅខេត្តស្វាយរៀង គឺបានរួមចំណែកយ៉ាងសំខាន់ជូនបងប្អូនប្រជាពលរដ្ឋ​ មានការងារធ្វើមានប្រាក់ចំណូល ធ្វើអោយជីវភាពគ្រួសារកាន់តែប្រសើរ ឡើង ទាំងនេះគឺជាការគិតគូពីសុខទុក្ខ សុខមាលភាព និងផលប្រយោជន៍របស់បងប្អូនក្មួយៗនិយោជិកទាំង អស់​ ពីសំណាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខ។ ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់កម្មករ និយោជិត កុំជឿតាមការញុះញង់របស់ក្រុមឃោសនាមួយចំនួន អំពីការតំឡើងប្រាក់ខែជាដើម ព្រោះបញ្ហាទាំងនេះ​ រាជរដ្ឋាភិបាលបានគិតគូរប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាអោយបាននូវសុខដុមបនីយកម្ម និងផលប្រយោជន៍រួម​ រវាងរោងចក្រ និងកម្មករ​។ ម្យ៉ាងទៀត កម្មករនិយោជិតទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា និងចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះចូលសំរាមពាសវាលពាសកាល​ នៅតាមដងផ្លូវពេលធ្វើដំណើរតាមរថយន្តជាដើមនោះទេ។ ឯកឧត្តមក៏បានឧបត្ថម្ភដល់កម្មករនិយោជិតដែល បានចូលរួមក្នុងម្នាក់ៗ​ ទទួលបានសារុង និងថវិកា​ ១ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង