មេរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ជាអ្នកបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ
ខេត្តរតនគិរី ៖ ប្រភពពីមន្ត្រីអង្គរក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើនៅខេត្តរតនគិរីបានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញជនជាតិខ្មែរ និងឈ្មួញជនជាតិវៀតណាមច្រើននាក់សម្រុកប្រមូលទិញឈើ និងដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលខេត្តរតនគិរី ហើយចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងមន្ត្រីក្រោមឱវាទគឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តរតនគិរី ចេញទៅស្រុកយួនតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនគួរបើកដៃឲ្យលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរី បានលើកឡើងថា ការដែលលោក កែប កត់ ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញជនជាតិខ្មែរ និងឈ្មួញជនជាតិយួនដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេងរយៈពេលប្រមាណ២សប្ដាហ៍ចុងក្រោយនេះ គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីផងដែរ។ ឈ្មួញខ្មែរដែលសម្រុកដឹកជញ្ជូនឈើឆ្លងកាត់ខេត្តរតនគិរី ចេញទៅស្រុកយួនមានច្រើននាក់ហើយឈ្មួញដែលកំពុងធ្វើសកម្មភាពខ្លាំងក្លាជាងគេ គឺឈ្មួញឈ្មោះ ហែម សុមុនី ហៅម៉ៅ និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ព្រមទាំងបក្ខពួកឈ្មោះ ហូវ ជីវ៉ៃ។
រាល់សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញប៉ុន្មាននាក់នេះអាចទៅដល់គោលដៅដោយជោគជ័យ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតនៅក្នុងខេត្តរតនគិរី។ តាមការអះអាងរបស់មន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ ជាដើមនៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល ព្រោះលោក កែប កត់ មេរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។
ក្នុងមួយយប់ៗឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួន តាមក្បួនរថយន្តតូចធំទាំងខ្សែៗព្រោះលោក កែប កត់ មេរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងមន្ត្រីក្រោមឱវាទមិនចាត់វិធានការបង្ក្រាបឡើយ ហើយគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានឈ្មួញយួនខ្លះចូលមកទិញឈើដល់ក្រុងបានលុង ដល់ស្រុកលំផាត់ ដល់ស្រុកវ៉ើនសៃ ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនព្រោះមានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ជាខ្នងបង្អែកយ៉ាងរឹងមាំ៕
ប្រភព ៖ http://www.moneaksekar.com/78828.html/