តុលាការក្រុងភ្នំពេញ សមេ្រចបញ្ជូនជនជាតិចិនទាំង ០៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ

ភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនទាំង ០៣នាក់ នៅពន្ធនាគារភ្នំពេញ ប៉េស៊ី ពាក់ព័ន្ធនឹងការនាំប្រាក់ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា រីឯវត្ថុតាងប្រាក់ដុលារអាមេរិកទាំងនោះ ត្រូវបានបញ្ជូនទៅធនាគារជាតិ ដើម្បីរក្សាទុកជាភស្តុតាង។

យោងតាមរបាយការណ៍ អគ្គនាយករដ្ឋានអន្តោប្រវេសន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះជនសង្ស័យ ទី១. ឈ្មោះ Wang Shiping, ទី២. ឈ្មោះ Wang Lichao និងទី៣. ឈ្មោះ Zhang Jian។

ជនសង្ស័យទាំង ០៣នាក់ គឺជាជនជាតិចិន និងធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើក។ លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ​ ០២នាក់ គឺឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣,៥២០,០០០ដុល្លាអាមេរិក ចេញពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។​ ដោយឡែកជនសង្ស័យម្នាក់ទៀត គឺឈ្មោះ Zhang Jian បានផ្ដល់ចម្លើយថា ខ្លួនគ្រាន់តែជាអ្នកមកទទួលឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao តាមការគ្រោងទុកប៉ុណ្ណោះ។

ផ្អែកតាមលទ្ធផលសាកសួរ និងការត្រួតពិនិត្យឯកសារ របស់ជនសង្ស័យទាំង​ ០៣រូបខាងលើ អគ្គនាយកដ្ឋាន បានសន្និដ្ឋានថា ជនសង្ស័យឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបាននាំសាច់ប្រាក់ជាង ៣លាន៥សែនដុល្លារនោះ ចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពហិរញ្ញវត្ថុច្បាស់លាស់ ដែលសង្ស័យជាការសម្អាតប្រាក់ប្រាកដមែន ចំណែកឈ្មោះ Zhang Jian ក៏សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង