ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់សម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយក្នុងខេត្តស្ទឹងត្រែងគ្មានប្រាក់ទិញអាហារទទួលទាន

ស្ទឹងត្រែង៖ យុវតីម្នាក់អាយុ ១៥ឆ្នាំម្នាក់ ដេកឈឺ ឡើងស្គមរីងរៃ នៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង និងមានស្នាមជាំខ្មៅពេញខ្លួន ទួញយំថ្ងូរឮសូរតែសម្លេងខ្សាវៗព្រោះតែពិបាកក្នុងខ្លួន ដោយសាតែមានជំងឺប្រចាំកាយ ចេញអុតស្វាយក្រាប ដែលគេហៅថាអុតស្វាយផ្កាប់មុខ និងជំងឺក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ លេបអ្វីក៏មិនចូលក្អួតចេញមកវិញ។ យុវតីរូបនេះត្រូវដេកនៅនិងកន្ទេល ងើបមិនរួច ព្រោះគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ អស់រយៈពេលជិតពីរខែកន្លងមកហើយ ឯម្ដាយក្មេងស្រីនេះក៏សសៃខ្ចី ទើបនឹងឆ្លងទន្លេបានបួនខែ ហើយជីវភាពគ្រួសារក៏ក្រីក្ររកតែប្រាក់ទិញអង្កហូបក៏គ្មានផង មិនមានអ្វីជាទីពឹងទេ។ ស្រ្តីនោះ សូមអំពាវនាវដល់សប្បុរសជន ដែលមានចិត្តសប្បុរសធម៌ ជួយឧបត្ថមដល់ក្មេងស្រីដែលកំពុងដេកឈឺសល់តែដង្ហើមចង្រិតនេះផង ផ្ទះរបស់គ្រួសារក្មេងស្រីដែលឈឺធ្ងន់នេះគឺ រស់នៅភូមិខាំផាន់ ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ដោយសារពួកគាត់ មានជីវភាពខ្វះខាតខ្លាំង ទើបម្ដាយក្មេងស្រី ធ្វើការ អំពាវនាវដល់សប្បុរសជន ឲ្យជួយដល់គ្រួសាររបស់គាត់ដែលគ្មានលទ្ធភាពព្យាបាលកូននេះ ។ សូមសម្ដេចទ្រង់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា ព្រមទាំងពុកម៉ែបងប្អូនទាំងអស់ដែលមានចិត្តសប្បុរសធម៌ មេត្តាជួយស្រោចស្រង់ជីវិតក្មេងស្រីនិងក្រុមគ្រួសារ ដែលកំពុងតែជួបការលំបាកនិងទុក្ខវេទនានេះផង ដោយទាក់ទងផ្ទាល់តាមរយៈលេខទូរស័ព្ទរបស់ម្ដាយក្មេងស្រីដែលមានជំងឺ (០៨៨ ៨៤ ៧៧ ៦៣៦) ជីវិតក្មេងស្រីនិងក្រុមគ្រួសារដ៏កម្សត់នេះ គឺសង្ឃឹមទៅលើសប្បុរសជនទាំងអស់គ្នាហើយ៕

អត្ថបទដែលជាប់ទាក់ទង