ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ចំនួន០៨ខ្នង ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ០៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងបរិវេណវិទ្យាល័យព្រែកលៀប ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ចំនួន០៨ខ្នង ១៥៧បន្ទប់ នៃគម្រោងពង្រីកសាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហុីដេហុីសា ហូរីណូអ៊ូឈី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ អគារសិក្សាថ្មីចំនួន ០៨ខ្នង មាននៅវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ៥ជាន់ ២០បន្ទប់, អនុវិទ្យាល័យចំរើនផល ៤ជាន់ ២៤បន្ទប់, អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ៣ជាន់ ១២បន្ទប់, វិទ្យាល័យឫស្សីកែវ ៣ជាន់ ២៤បន្ទប់, វិទ្យាល័យព្រែកលៀប ៣ជាន់ ២១បន្ទប់, អនុវិទ្យាល័យទឹកល្អក់ ៤ជាន់ ២០បន្ទប់, អនុវិទ្យាល័យអូរបែកក្អម ៣ជាន់ ១២បន្ទប់ និងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន៣ជាន់ ២៤បន្ទប់ ៕