Mercedes-Benz លក់ដាច់៨០៦១គ្រឿងនៅឥណ្ឌានារយៈពេល៦ខែនេះ
រថយន្ត ៖ ក្រុមហ៊ុន Mercedes-Benz របស់អាល្លឺម៉ង់ បានបង្ហាញតួលេខជោគជ័យរបស់ខ្លួននៅលើទីផ្សារឥណ្ឌា បើគិតពីចន្លោះខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ។ កាសែត India Times បានលើកឡើងថា ផលិតផលថ្មីៗគ្រប់ម៉ូដែល New Generation Cars រថយន្តក្រុមគ្រួសារប្រភេទ សេឌែន (Sedan), SUVs និង AMG ជាផ្នែកដ៏សំខាន់ក្នុងការជំរុញទីផ្សារ។ Mercedes-Benz ប្រចាំឥណ្ឌា បានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេលក់រថយន្តដាច់អស់៨០៦១គ្រឿងនារយៈពេល៦ខែនៃឆ្នាំ២០១៨នេះ។
ក្រុមហ៊ុនបានបង្ហាញពីកំណើន ១២.៤ភាគរយ នៃការលក់ចន្លោះពីខែមករា ដល់ខែមិថុនា ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន លក់បានចំនួន៧១៧១គ្រឿង។ Mercedes-Benz បានអះអាងពីភាពជោគជ័យនៃផលិតផល New Generations Cars របស់ខ្លួន តាមរយៈការបង្ហាញផលិតផលថ្មីៗនៅលើទីផ្សារ។ ម៉ូដែល AMG ទាក់ទាញអតិថិជនដ៏មានសក្តានុពលជាច្រើន ចាប់តាំងពីត្រីមាសដំបូង។
លោក Roland Folger នាយកគ្រប់គ្រង និងជាអគ្គនាយក Mercedes-Benz India បានលើកថា៖ «ទស្សនវិស័យរបស់ក្រុមហ៊ុនគឺភាពល្អផ្តាច់រក្សាការនាំមុខ [The Best Keeps Leading] ដូច្នេះ Mercedes-Benz បន្តទាក់ទាញអតិថិជនលើទីផ្សាររថយន្តទំនើបដដែល ដោយកំណើនការលក់ឡើងដល់១២.៤ភាគរយនារយៈពេល៦ខែដំបូងនៃឆ្នាំ២០១៨នេះ»។ លោក Roland រំពឹងថា ចំនួននៃការលក់នឹងបន្តកើនឡើងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសអតិថិជនដែលនិយមម៉ូដែលថ្មីៗ ដូចជា New Generation Cars, sedans, SUVs និង AMG ជាដើម៕