ឯកឧត្តម បណ្ឌិត អ៊ុក សាវុធ អញ្ជើញជាគណៈធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី សវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តកោះកុង
កោះកុង : ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃ អាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និង តំណាង ក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកោះកុង ចូលរួមប្រមាណជា ៩៩ នាក់ ។ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី នៃ គណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមាសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តកោះកុងទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារច្បាប់ស្ដីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ស្តាប់ កត់ត្រា និង លើកជាសំណួរឲ្យបានផុសផុលដើម្បីមានមូលដ្ឋានជំរុញការអនុវត្តការងារជាក់ស្ដែងឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធិភាពខ្ពស់ ។ ទន្ទឹមនឹងនេះ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃ អាជ្ញាធរសវនកម្មជាតិ បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងច្បាស់ថា ការបើកសិក្ខាសាលានាពេលនេះ ក្នុងគោលបំណងចូលរួមជម្រុញ និង បង្កើនសមត្ថភាព ដល់មន្ត្រីអង្គភាពរងសវនកម្ម បង្កើនជំនឿចិត្ត លើកិច្ចការងាររបស់អាជ្ញាធរសាវនកម្មជាតិ ពីសំណាក់សាធារណជនជាតិ និង អន្តរជាតិ លើការត្រួតពិនិត្យការគ្រប់គ្រង និង ប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមបានលើកឡើងទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈឯករាជ្យ ស្តីពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ចត្រួតពិនិត្យ ផ្ដល់យោបល់ កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម និង ធ្វើរបាយការណ៍លទ្ធផលការងាររបស់ខ្លួនជូនអង្គការនីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា និង ព្រឹទ្ធសភា អាជ្ញាធរសាវនកម្មជាតិ ជាស្ថាប័នសវនកម្ម កំពូលមួយដែលមិនអាចខ្វះបានក្នុងប្រទេសនីតិរដ្ឋ ហេតុដូច្នេះហើយអង្គភាព ស្ថាប័ន និង មន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកោះកុងទាំងអស់ ចាំបាច់ត្រូវសហការសាមគ្គី ជាមួយអាជ្ញាធរសវនកម្មជាតិឲ្យបានល្អ ដើម្បីពង្រីកការគ្រប់គ្រងហិរញ្ញវត្ថុ ការកាត់បន្ថយកំហុសឆ្គង និង ការកេងបន្លំថវិការ សំដៅជំរុញការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិបានធ្វើបទបង្ហាញស្តីពីច្បាប់សវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីតួនាទីសមត្ថកិច្ច និង នីតិវិធី នៃការធ្វើសវនកម្ម ផ្អែកលើចំណុច ៤ សំខាន់ៗរួមមាន : ១.សាវតាស្ថាប័នអាជ្ញាធរសាវនកម្មជាតិ ២.ហេតុអ្វីត្រូវមានច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ៣.ខ្លឹមសារនៃច្បាប់សវនកម្ម និងទី៤.ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធចំណុះខេត្តកោះកុង ព្រមទៅបានឆ្លើយនឹងសំណួរដែលជាចម្ងល់របស់សិក្ខាកម្មយ៉ាងផុសផុល និងបានបញ្ចប់សិក្ខាសាលានៅវេលាម៉ោង ១២ នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសស្និតស្នាលនិងមានប្រសិទ្ធភាពខ្ពស់ ៕