ជួយសង្គ្រោះក្មេងប្រុស៦នាក់ ចេញពីក្នុងរូងភ្នំថាមហ្លួងបានហើយ
ប្រទេសថៃ ៖ នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨ បើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន ក្នុងស្រុករបស់ប្រទេសថៃមួយបានឲ្យដឹងថា ក្មេងប្រុសយ៉ាងតិច០៦នាក់ ក្នុងចំណោម១២នាក់ ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគខាងជើងប្រទេសថៃ ជាមួយគ្រូបង្វឹកម្នាក់របស់ពួកគេ អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុតត្រូវបានជួយសង្គ្រោះចេញមកខាងក្រៅវិញ ដោយសុវត្ថិភាពជាបណ្តើរៗហើយ។
អ្នកដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៦នាក់ខាងលើ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់ឧទ្ធម្ភាគចក្រដើម្បីដឹកបន្តទៅកាន់មន្ទីរពេទ្យខេត្តឈៀងរ៉ៃ នៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីតំបន់រូងភ្នំថាមហ្លួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៦នាក់ បានចេញមកដល់ក្រៅរូងភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្គ្រោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំថាមហ្លួងនៃស្រុកម៉ែសៃ ក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពីដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក ដើម្បីជួយអមដំណើរពួកគេ។ ពីដំបូងឡើយអាជ្ញាធរថៃ បានរំពឹងថា ទម្រាំតែអ្នកដំបូងគេចេញមកដល់ខាងក្រៅគឺរហូតទាល់តែម៉ោង០៩យប់នេះឯណោះ។
ប៉ុន្តែក្មេងពីរនាក់ដែលត្រូវបានសង្គ្រោះចេញផុតពីរូងភ្នំដំបូងគេ គឺកាលម៉ោងខ្ទង់៦យប់នេះ ពោលគឺ០៣ម៉ោងមុនការរំពឹងទុក។ រីឯក្មេង០៦នាក់ទៀត ព្រមទាំងគ្រូបង្វឹក ត្រូវគេរំពឹងថា នឹងចេញមកដល់ខាងក្រៅនាពេលឆាប់ៗខាងមុខនេះ៕