សមត្ថកិច្ចបានចាប់ខ្លួនមន្ដ្រីយោធាផ្កាយ១ ម្នាក់ និងប្រពន្ធ ពាក់ព័ន្ធបោកលុយប្រជាពលរដ្ឋ
ខេត្តកំពង់ធំ ៖ លោក ឃួន សុវណ្ណ មានតួនាទីជានាយ ករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួន ហើយបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូន ចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។ មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយារបស់ខ្លួនឈ្មោះ ទ្រី ណាត ដែលព័ត៌មានខ្លះអះអាងថា ក៏ជាមន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃនោះ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន យើង ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ ពី១,៥០០ដុល្លារ រហូតដល់ជាង៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ៕