រថយន្តសណ្ដោងរបស់ថៃ កិនស្ត្រីខ្មែរម្នាក់បណ្តាលឲ្យ……………….
បន្ទាយមានជ័យ៖ នាវេលាម៉ោងជាង០៣ រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់មួយបានកើតឡើង ដោយរថយន្តសណ្តោងរបស់ថៃបានបើកកិនពីលើស្ត្រីខ្មែរម្នាក់បណ្តាលឲ្យធ្លាយខួរចេញមកក្រៅ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សូមជម្រាបដែរថា ករណីដែលគួរឲ្យរន្ធត់នេះបានកើតឡើងនៅចំណុចខាងមុខកាស៊ីណូរីសត ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពីនាក់ប្តី ប្រពន្ឋ បានជិះម៉ូតូម៉ាកហុងដា SPACY វ៉ារទេះដឹកទំនិញ ទាក់ដៃចង្កូតធ្លាក់ចូលក្នុងកង់រថយន្តប្រភេទសណ្តោងរបស់ជនជាតិថៃ ដែលកំពុងដឹកទំនិញចេញពីប្រទេសថៃមកកម្ពុជា បណ្ដាលឱ្យកិនចំក្បាលស្ត្រីរងគ្រោះធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះឆាយ គីមឡេង ដែលមានស្រុកកំណើតនៅឯក្រុងកំពង់សោម។ក្រោយពីកើតហេតុ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិហៅរថយន្តសាមុយដឹកបញ្ជូនទៅក្រុងកំពង់សោម ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តសណ្ដោងរបស់ជនជាតិថៃ ក្រោយពីធ្វើការវាស់វែងរួច កម្លាំងសមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំការដោះស្រាយគ្នាជាក្រោយ៕