សាហាវព្រៃផ្សៃពេកហើយ! ករណីសម្លាប់យាយ និងចៅស្រី ដោយកាត់ក្បាលយកទៅបាត់ រកមិនទាន់ឃើញ
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមកំពុងស្វែងរកឃាតកជាប់សង្ស័យ ពាក់ព័ន្ធនឹងករណីសម្លាប់ដោយកាត់ក្បាលមនុស្ស២នាក់ ដែលត្រូវជាជីដូននិងចៅស្រី។
ស្ត្រីអាយុ៦៥ឆ្នាំឈ្មោះ ពូ អូន និងក្មេងស្រីអាយុ៦ឆ្នាំ ឈ្មោះ ខេង សាវឿន ត្រូវ គេប្រទះឃើញសាកសពដែលមានតែដងខ្លួននៅ ថ្ងៃត្រង់ទី ៣ មេសា ២០១៩ ប៉ុន្តែបាត់ក្បាល និងសាកសពដែលគ្មានក្បាលនោះ ត្រូវឃាតកទុកចោលនៅខាងក្រោយផ្ទះចម្ងាយប្រមាណ ៣៥០ម៉ែត្រ ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន ដែលបានចុះទៅពិនិត្យហេតុការណ៍ដោយផ្ទាល់ បានថ្លែងថា ហេតុការណ៍បានកើតឡើងកាលពី យប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅភូមិក្នុងទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ ឯកឧត្តមបានបន្តទៀតថា កុមារីអាយុ៦ឆ្នាំនោះ នៅជាមួយជីដូនក្នុងផ្ទះមួយប្រក់ស្លឹក ដោយសារតែឪពុកម្តាយ បានឈ្លោះប្រកែកលែងលះគ្នា ។
សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃកើតហេតុនោះ ទាំងជីដូន និងចៅស្រី បានចាក់សោរផ្ទះ ហើយចេញទៅដាំស្វាយចន្ទីរនៅក្រោយផ្ទះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ហេតុការណ៍នោះ គឺជារឿងដែលសមត្ថកិច្ចកំពុងតាមដាននិងមិនទាន់រកពន្លឺឃើញនោះទេ ។ សមត្ថកិច្ចនៅមិនទាន់ដាក់ការសង្ស័យថា តើរឿងនេះ បានកើតមកពីអ្វីនោះឡើយ ៕