អភិបាលក្រុងខេរមភូមិន្ទរុញដាក់ចៅសង្កាត់ស្មាច់មានជ័យរឿងសាងសង់សំណង់ឥតច្បាប់នៅត្រង់ចំនុចព្រលានយន្តហោះចាស់

កោះកុង ៖ ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនបានចោទប្រកាន់អាជ្ញាធរថាឃុបឃិតបើកដៃអោយមានការសាងសង់សំណង់អាណាធិបតេយ្យ នៅលើដីគំរោងផ្លូវសារធារណះរបស់រដ្ឋត្រង់ចំនុចព្រលានយន្តហោះចាស់ ស្ថិតភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា សំណង់អាណាធិបតេយ្យដែលពុំមានច្បាប់អនុញ្ញាតិ និង សាងសង់នៅលើផ្លូវសារធារណះរបស់រដ្ឋ បានកើតឡើងជាបន្តបន្ទាប់ខណះដែលអាជ្ញាធរហាក់ពុំមានការបង្ក្រាប់ឬទប់ស្កាត់នោះឡើយរឿងរ៉ាវទាំងនេះបានធ្វើអោយពួកគាត់មានការសង្ស័យថាប្រហែលជាម្ចាស់សំណង់ទាំងនោះអាចមានការឃុបឃិតត្រូវដងត្រូវផ្លែជាមួយខាងអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធហើយមើលទៅ បានជាសកម្មភាពនៃការសាងសង់បំពានលើផ្លូវច្បាប់ចេះតែកើតមានជាបន្តបន្ទាប់បែបនេះ ។

ប្រភពខាងលើបានលើកឡើងទៀតថា កាលពីជំនាន់ ឯកឩត្តម ប៊ុន លើត ជាអភិបាលខេត្តកោះកុង និងលោក ធូ វិបុល ជាអភិបាលក្រុងខេមរភូមិន្ទវិញ ដីចំនុចខាងលើនេះត្រូវបានអាជ្ញាធរហាមប្រាមនិងទប់ស្កាត់មិនអោយមានការសាងសង់សណង់ឬធ្វើរបងហ៊ុំព័ទ្ធដីនេះបានឡើយ តែមកដល់ជំនាន់លោកជំទាវ មិថុនា ភូថង ជាអភិបាលខេត្ត និង លោក ឈេង សុវណ្ណដា ជាអភិបាលក្រុងវិញ ត្រឡប់ទៅជាបើកអោយមានការសាងសង់នូវសំណង់ឥតច្បាប់នៅលើដីគំរោងផ្លូវសារធារណះទៅវិញ នេះសបញ្ជាក់អោយឃើញពីការមិនយកចិត្តទុកដាក់អនុវត្តន៍ទៅតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចបានបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញត្រូវនាំគ្នាខិតខំក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបនូវរាល់សកម្មភាពរំលោភបំពានទៅលើដីសារធារណះរបស់រដ្ឋ ដើម្បីជៀសវៀងពេលដែលរដ្ឋអភិវឌ្ឍន៍ត្រឡប់ទៅជាមានការប៉ះពាល់ជាមួយនិងពលរដ្ឋហើយត្រូវងាកមកធ្វើការដោះស្រាយតាមគោលនយោបាយដែលជាហេតុធ្វើអោយរដ្ឋខាតបង់នូវថវិការជាតិជាច្រើនថែមទៀត ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក អាយ សុភីរឹទ្ធិ ប្រធានការិយាល័យភូមិបាល ក្រុងខេមរភូមិន្ទបានអោយដឹងថា ចំពោះបញ្ហាការសាងសង់សំណង់ឥតច្បាប់ខាងលើ ជំនាញរបស់លោកបានចុះទៅធ្វើការហាមឃាត់២ដងរួចមកហើយ ហើយក៏បានធ្វើរបាយការណ៍ជូនទៅលោកអភិបាលក្រុងរួចហើយដែរ ។ ចំណែកលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទបានអោយដឹងដែរថា លោកបានអោយខាងជំនាញចុះទៅធ្វើការឃាត់ចំនួន២ដងរួចមកហើយដោយសារតែឃើញថាសំណង់នេះពុំមានច្បាប់ តែភាគីខាងម្ចាស់សំណង់បានអះអាងថា ការសាងសង់របស់គាត់មានការអនុញ្ញាតិត្រឹមត្រូវពីលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ ហេតុនេះហើយលោកបានសុំគោលការណ៍ទៅខាងខេត្តដើម្បីធ្វើការពិនិត្យពិច្ច័យមើលថាតើដីត្រង់ចំនុចខាងលើវាជាដីគំរោងផ្លូវសារធារណះមែនដែរឬយ៉ាងណាព្រោះលោកទើបតែឡើងកាន់តំណែងថ្មី ហើយបើចង់ដឹងពីរឿងនេះច្បាស់សួរទៅខាងលោកចៅសង្កាត់ស្មាច់មានជ័យទៅដឹងច្បាស់ហើយ ព្រោះថាការស៊ីញ៉េលក់ទិញ និងចេញច្បាប់អោយសាងសង់នោះគឺសុទ្ធតែជាចៅសង្កាត់ទាំងអស់ ។

ចំពោះបញ្ហាដែលម្ចាស់សំណង់នៅតែមានការរឹងរូសក្នុងការសាងសង់យ៉ាងគគ្លឺនដោយមិនខ្វល់ពីការហាមឃាត់របស់អាជ្ញាធរក្រុងនិងសមត្ថកិច្ចជំនាញនោះ គឺពុំត្រូវបានលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទធ្វើការឆ្លើយតបវិញទេថានិងវិធានការផ្លូវច្បាប់បែបណាបន្តទៀតនោះឡើយ ។ ដោយឡែក លោក នាយ យ៉ុង ចៅសង្កាត់ស្មាច់មានជ័យវិញ ភ្នាក់ងារព័ត៌មានយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ដោយភ្នាក់ងារយើងបានសួរគាត់តាមបណ្តាញសង្គមតេលេក្រាមដែរ តែលោកពុំព្រមឆ្លើយតប ៕

អត្ថបទដែលជាប់ទាក់ទង