អភិបាលខេត្តស្វាយរៀង​ អញ្ជេីញជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងបងប្អូនជនពិកាប្រភេទ១ ជាសមាជិកសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង ដែលរៀបចំនៅបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ ស្ថិតនៅឃុំសង្កែ ស្រុករំដួល។
លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោកនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៤ កងកម្លាំងវរៈព្រំដែន និងអតីតយុទ្ធជនសរុបចំនួន ៥៥៤នាក់។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុត។
ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការ កោតសរសើរចំពោះកងកម្លាំងវរៈសេនាតូចទាំង៤ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
– ត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។
– ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែន។
– ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធា។
– ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។
– ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង។
-ត្រូវចូលរួមថែរក្សាបង្គោលព្រំដែនដែលបានបោះរួច និងការពារដំណើរការបោះបង្គោលព្រំដែនដែលនៅសេសសល់ ។
– ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូលនៃជនអន្តោប្រវេសន្តខុសច្បាប់ និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ព្រមទាំងកិច្ចការសំខាន់ៗផ្សេងទៀតដែលបានដាក់ចេញ ។
ជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខ ឯកឧត្តមអភិបាលខេត្តបាននាំមកនូវអំណោយសម្រាប់វរៈការពារព្រំដែននីមួយៗទទួលបាន អង្ករ មី ទឹកក្រូច ស្រាបៀ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ និងនំអន្សម ហើយកងកម្លាំងនគរបាល និងយោធាវរៈ ទាំង៤ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល បងប្អូនអតីតយុទ្ធជន៣០នាក់ ម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥០.០០០រៀល ៕
អត្ថបទដែលជាប់ទាក់ទង