ទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ ឲ្យនាំខ្លួន លោក ផែង វណ្ណៈ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2019 នេះ ក្រោយពីសមត្ថកិច្ច បាននាំខ្លួន លោក ផែង វណ្ណៈ មកនៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី នៃការសាកសួររបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយកាលពីល្ងាច ថ្ងៃម្សិលមិញ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2019។
នៅក្នុងដីកាបង្គាប់ ឲ្យឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ដោយមាន លោក កី ម៉ានេរ៉ា ជាចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំខ្លួន លោក ផែង វណ្ណៈ ភេទប្រុស អាយុ 49 ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរមុខរបរ ប្រធាន គេហទំព័រ Pheng Vannak news មានទីកន្លែងកំណើត សង្កាត់លេខ 5 ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ 587 ផ្លូវលំ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដីកាបង្គាប់ឲ្យឃុំខ្លួននោះមបានបញ្ជាក់ថា ជននេះ ត្រូវបានដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak news កាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 បទល្មើស ដែលមានបញ្ញត្តជាទោសតាម មាត្រា 494-495 និងមាត្រា 305 ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យ ៖
1- ឲ្យភ្នាក់ងារ មានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួន ជនត្រូវចោទដែលមានឈ្មោះ ផែង វណ្ណៈ ដាក់ទៅពន្ធនាគារឬមណ្ឌលអប់រំកែប្រែទី 1 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
2 -ឲ្យប្រធានពន្ធនាគារឬមណ្ឌលអប់រំកែប្រែទី 1 ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
3- ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យល្អ នៅពេលដែលដីការនេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
គួរបញ្ជាក់ផងដែរថា លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់មេធាវីសម្ដេចតេជោ ហ៊ុន សែន ករណីបង្ហោះលើហ្វេសប៊ុក នាំឲ្យសាធារណជន យល់ច្រឡំ ថាសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី កាលពីព្រឹកថ្ងៃទី 29 ខែមេសា ឆ្នាំ 2019 ហើយនៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដោយតំណាងអយ្យការលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕