ផ្ទះចំនួន០២ខ្នងបន្ថែមទៀត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនដល់អតីតយុទ្ធជនពិការ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ ភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) អញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន០២ ខ្នង ជូនដល់អតីតយុទ្ធជនពិការ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រតិភូ សមាគមន៏អតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និង អង្គភាពមន្ទីរពាក់ព័ន្ធជាច្រើន ផងដែរ។

ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ លើផ្ទៃដី ដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

លោក អភិបាលខេត្ត លើកឡើងថា ការផ្តល់ជូនផ្ទះ ថវិការ និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ដើម្បីរួមចំណែកសម្រួលរាល់ទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន ដែលពលីឈាមស្រស់ សាច់ស្រល់ ដើម្បីការពារប្រទេសជាតិ ឲ្យមានការរីកចម្រើន មានស្ថេរភាព សន្តិសុខ និងមានសន្តិភាពល្អប្រសើរផងដែរ។ លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើល សមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។

ក្នុងទឹកមុខប្រកបដោយក្តីសប្បាយរីករាយ បងប្អូនជាអតីតយុទ្ធជនពិការ ដោយតាមរយៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានតែងតែគិតគូរពី សុខ ទុក្ខ របស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះ ផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។ សូមបញ្ជាក់ដែរថា ផ្ទះធ្វើពីឆ្អឹងដែក ដំបូល ប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ខ្ពស់ផុតពីដី ១ ម៉ែត ៩តិក ក្រាលកុងផ្លាកកេ ជញ្ជាំងស្មាតបត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រគល់ជូនគ្រួសារ ចំនួន ០២ រួមមាន ៖

១- អ្នកស្រី ចន ឆុន ជា អតីតគ្រួសារមរណៈ រស់នៅភូមិ ពោធិស្រុក ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ។

២- លោកពូ ប្លង់ ម៉ាង ជាអតីតយុទ្ធជនពិការ រស់នៅភូមិ កប្បាស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។ ក្នុងឪកាសនោះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បាននាំយក ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ឧបត្ថម្ភដល់អតីតយុទ្ធជន ក្នុងមួយគ្រួសារ ទទួលបានអង្ករ០១បាវ មី០១កេះ ត្រីខ០១យួរ ទឹកត្រី០១យួរ អំពូលសូឡា ០១គ្រឿង ព្រមទាំងថវិការមួយចំនួន និងបានឧបត្ថម្ភថវិការដល់បងប្អូន អតីតយុទ្ធជនដែលបានអញ្ជើញចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង