មណ្ឌលរាជធានីភ្នំពេញ បានប្រកាសបេក្ខភាពចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ គណៈមេប្រយោគក្រោមការដឹកនាំរបស់លោកជំទាវ សួស រដ្ឋាវី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ សសយក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ភាស និងជ្រើសរើសយកបេក្ខជនចំនួន ៤រូប បេក្ខនារីចំនួន៤រូប នៅមណ្ឌលរាជធានីភ្នំពេញ ដើម្បីទទួលសិទ្ធិជាបេក្ខភាពចូលរួមវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩។

ជ័យលាភីទាំង៨រូបនាថ្ងៃនេះ គឺត្រូវបានចម្រាញ់ចេញពីបេក្ខជន បេក្ខនារីចំនួន២៨រូប ដែលត្រូវបានជ្រើសរើសចេញពីចំណោមអ្នកដាក់ពាក្យរាប់រយនាក់មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ កំពង់ឆ្នាំង ព្រះវិហារ និងកំពង់ធំ។

កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩ (លើកទី៥) គឺត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងបង្កើតបរិយាកាសសប្បាយរីករាយដល់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ ដោយមានការផ្សាយផ្ទាល់ដោយBTV។ សូមរង់ចាំទស្សនា និងទស្សន៍ទាយថាតើបេក្ខជនរូបណានឹងលើកពានឆ្នាំ២០១៩?៕

អត្ថបទដែលជាប់ទាក់ទង