ជនជាតិឥណ្ឌូនេសីុម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងគ្រឿងញៀនជាង៤០កញ្ចប់
ស្ទឹងត្រែង ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីម្នាក់ ពាក់ព័ន្ធការដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ប្រមាណ៤៤កញ្ចប់ធំ និងតូច លាក់ក្នុងវ៉ាលីច្រកក្នុងកញ្ចប់នំ ស្គរគ្រាប់ និងកញ្ចប់កាហ្វេ វេចខ្ចប់យ៉ាងស្អាត។
ហេតុការណ៍ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀននេះ ធ្វើឡើង កាលពីវេលាម៉ោង១២ .៣៥នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រា មុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះមាន ឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិឥណ្ឌូណេស៊ី ដោយដោយមានការសង្ស័យក្នុងវ៉ាលី សមត្ថកិច្ចប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យ និងឆែកឆេនៅទីតាំងខាងមុខកន្លែងប្រថាប់ត្រាចេញ-ចូល ក៏រកឃើញ នៅម្សៅក្រាម ពណ៌សថ្លា ច្រកក្នុងកញ្ចប់នំគ្រប់ប្រភេទ ដូចជា កញ្ចប់កាហ្វេ កញ្ចប់ស្គរគ្រាប់ កញ្ចប់ប្រដាប់ប្រដាក្មេងលេង សង្ស័យជាសារធាតុញៀន ហើយក៏បានអញ្ជើញសមត្ថកិច្ច ជំនាញ (BLO) ប្រចាំការច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត្យបន្ថែម ពិតជាសារធាតុញៀនពិតប្រាកដមែន ទើបធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការសាកសួរបន្ថែម ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕