មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ស្នើរដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុត
ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគិរី បានស្នើរដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរពីបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុត ជា ពិសេស អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវប្រកាសលេខ ទូរស័ព្ទរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានដឹងដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ។
ការលើកឡើងដូចនេះរបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន គឺបានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៩នេះ ក្នុងឱកាសដែល លោក ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ ដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៣ខែមីនា និងយប់ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅនេះដែលមានប្រជាពលរដ្ឋរងគ្រោះទាំង ពីរលើក ស្មើនិង ២២គ្រួសារស្ថិតនៅភូមិបី ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ថ្លែងក្នុងឱកាសនោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីរូបនេះ ក៏បានស្នើដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរឲ្យបានស្និតស្នាល និងគៀកបំផុត ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលជួបគ្រោះមហន្តរាយនានាកើតឡើងជាយថាហេតុ ។ ទន្ទឹមហ្នឹងនេះដែរ លោកមេបញ្ជាការ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នពេលដែលមានមេឃភ្លៀងផ្គរន្ទះ កុំនៅជិតក្បែរដើមឈើធំៗ រឺនៅក្បែរផ្ទះខ្ពស់ព្រោះអាចជួបគ្រោះធម្មជាតិវាអាចកើតឡើង ដោយយើងមិន ដឹងមុននោះទេ ។
ក្នុងដំណើរចុះសួរសុខទុក្ខរបស់មេបញ្ជាការរូបនេះ ក៏បាននាំយកអំណោយមនុស្សធម៌របស់មន្រ្តីកងរាជអាវុធហត្ថទូទាំងខេត្តរតនគិរី យកទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២២ គីឡូក្រាម ទឹកត្រី ១យួរ ទឺកស៊ីអីុវ១យួរ សារ៉ុង ១ ក្រមា១ និងថវិកា ៥០.០០០ រៀល ។ ដោយឡែកព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តច្របព្រីង ដែលរបើកសាលាឆាន់ និងដំបូលព្រះវិហារ ទទួលបានអង្ករ ១បេ ស្មើ ៥០គីឡូក្រាម ទឹកស៊ីអីុវ ទឹកត្រី និងថវិកាចំនួន ២៥០.០០០ រៀលផងដែរ ៕