អាជ្ញាធរខេត្តកោះកុងស្វាគមន៍ប្រតិភូថៃក្នុងឱកាសកិច្ចប្រជុំ
កោះកុង÷ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្នុងឱកាសនៃកិច្ចប្រជុំរវាងខេត្តកោះកុង ជាមួយគណៈប្រតិភូនៃប្រទសថៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឆាយយុទ្ធ ព្រំសុខ ប្រធានគណ:កម្មាធិការអចិន្ត្រៃយ៍គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី មេបញ្ជាការទាំងប្រភេទ ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំ លោកជំទាវ អភិបាលខេត្តបានថ្លែងថា ដោយមានការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុត បានពុះពារជំនះលើគ្រប់ឩបសគ្គ ដឹកនាំជោគវាសនាប្រទេសកម្ពុជាឈានទៅសម្រេចបាននូវសមិទ្ធផលដ៏ធំធេង និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអនុវត្តសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ជាពិសេសខេត្តកោះកុង មានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទន:បំផុត។
លោកជំទាវអភិបាលខេត្តថ្លែងទៀតថា ដោយសារតែមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ទើបខេត្តកោះកុងទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ។ រួមជាមួយធនធានធម្មជាតិដ៏សម្បូបែបរបស់ខេត្តកោះកុង ដែលជាខេត្តមួយស្ថិតនៅទិសនីរតីនៃប្រទេសកម្ពុជា ដែលនៅជាប់ព្រំដែនប្រទេសថៃ ដោយមានសក្តានុពលដ៏សម្បូរបែប អាចបម្រើអោយវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ ។
លោកជំទាវថ្លែងបន្តថា ក្រៅពីសក្តានុពលខាងលើ ខេត្តកោះកុងមានសក្តានុពលសំខាន់ៗជាច្រើនទៀតសម្រាប់ធ្វើការអភិវឌ្ឍន៍លើកស្ទួយដល់សេដ្ឋកិច្ចខេត្ត ដូចជា÷តំបន់វារីអគ្គិសនីចំនួន០៣កន្លែង ដែលត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ និងតំបន់សេដ្ឋកិច្ចពិសេសនាងកុកទំហំ៣៣៦ហិកតា ដែលមានក្រុមហ៊ុនដៃគូរចំនួន០៥ស្ថិតនៅស្រុកមណ្ឌលសីមា និងតំបន់កសិឧស្សាហកម្មចំការអំពៅ និងរោងចក្រផលិតស្ករសរសម្រាប់នាំចេញតំបន់កសកម្មចម្រុះ។ល។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានថ្លែងបន្តទៀតថា កិច្ចប្រជុំពិភាក្សារយះពេលមួយម៉ោងកន្លះនេះ គឺប្រតិភូថៃបានយល់ព្រមទៅតាមការសំណុំពរស្នើសុំចំនួន៤ចំនុច ទី១.ពាក់ព័ន្ធការងារផ្លាស់ប្ដូរបទពិសោធទៅលើផ្នែកបរិស្ថាន ទី២. សំណុំពរជម្រុញការតទឹកដើម្បីប្រជាជនខេត្តកោះកុង ទី៣.សំណុំពរភ្លើង និងទី៤.ស្នើរសុំជម្រុញទៅលើផ្នែកកសិកម្ម ដោយបងប្អូនប្រជាពលរដ្ឋយោគយល់គ្នាតាមការពង្រីកច្រកព្រុំដែន និងតាមការប្រើប្រាស់សេវាបរិផាស់ព្រុំដែនរយះពេលទៅលើផ្នែកច្បាប់។