យុវជន៤នាក់ផឹកចំទឹកត្នោតជូកាចសាហាវ ម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល នៅស្រុកលំផាត់

ខេត្តរតនគិរី÷ កម្លាំងនគរបាលស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា បង្កឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃសៅរ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចការដ្ឋានស្រកានាគក្នុងក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។

សមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ស្លាប់)នៅនិងកន្លែងកើតហេតុ ដោយសារដាច់ដៃម្ខាងហូរឈាមស្រោចពេញខ្លួន។
ជនរងគ្រោះទី២-ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក បានរងរបួសធ្ងន់។
ជនរងគ្រោះទី៣-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសស្រាល
ទាំង៣នាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ស៊ៈ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លូនបាត់។
សមត្ថកិច្ចនគរបាលបានបន្តថា លុះដល់វេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣១មីនានេះទើបកម្លាំង អធិកាដ្ឋាននគរបាលស្រុកលំផាត់ឃាត់ខ្លួនបានជនសង្ស័យហើយយកមកអធិការ។

លោកថា មុនពេលកើតហេតុទាំង៤នាក់បានផឹកទឹកត្នោតជូអស់ចំនួន៥លិត្រ ហើយស្រវឹងរៀងៗខ្លួន បន្ទាប់មកបានទាស់ពាក្យសម្ដីនិងគ្នា ជនសង្ស័យបានទៅយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះទាំង៣នាក់បណ្តាលឲ្យម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ រីឯ២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។

ក្រោយពីបានធ្វើសកម្មរួចកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានចុះមកដល់កន្លែងកេីតហេតុ ពិនិត្យសាកសព និងសន្និដ្ឋានថា ករណីនេះពិតជាករណី ឃាតកម្ម(កាប់នឹងដាវសាំម៉ូរ៉ៃ) ពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួុនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកលំផាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង