ថ្លើមធំ ហ៊ានបន្លំលួចលុយអស់ជាង១ម៉ឺនដុល្លាកាត់ព្រឹក ហើយគេចខ្លួនបាត់ នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ ជនសង្ស័យប្រុសស្រី២នាក់ ចូលមកធ្វើសកម្មភាពបន្លំលួចយកលុយនៅកន្លែងវេលុយវីងអស់ជាង១ម៉ឺនដុល្លា(អាមេរិក)ហើយរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាអងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យុទ្ធ សុវណ្ណារី ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរវេលុយវីង រស់នៅកន្លែងកើតហេតុខាងលើ។

នគរបាលប៉ុស្តិ៍បានបន្តថា ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន: លុយខ្មែរនិងលុយដុល្លាអស់ប្រហែលជាង១ម៉ឺនដុល្លា(អាមេរិក) -កាតគ្រីរថយន្ត -កាតគ្រីម៉ូតូ -កាតទូរស័ព្ទដៃ និងអត្តសញ្ញាណប័ណ្ណផងដែរ។

លោកថា ភិនភាគជនសង្ស័យពាក់អាវពណ៌ខ្មៅដៃខ្លី ខោខ្លី ពាក់មួកពណ៌ខ្មៅ។

បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំនិងកម្លាំងប៉ុស្តិ៍កំពុងចុះសើុបអង្កេតនិងស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា លោកមេប៉ុស្តិ៍ឃុំតាអង ស្រុកកូនមុំ មានករណីចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពីលើករួចមកហើយ ដែលមានចម្ងាយពីប៉ុស្តិ៍ប្រហែល១០០ទៅ២០០ម៉ែត្រប៉ុណ្ណោះ។ ប្រហែលលោកមេប៉ុស្តិ៍រូបនេះអសមត្ថភាពទើបបណ្តាលឲ្យក្រុមចោរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយពុំគិតពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានដាក់ចេញនូវគោលការភូមិ-ឃុំមានសុវត្ថិភាព៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង