ចាប់មិនដែលចេះអស់! យុវជនម្នាក់រកមុខរបរមិនបាន ទៅជួញដូរថ្នាំញៀនត្រូវសមត្ថកិច្ចចាប់បាន បញ្ជូនទៅដេកក្នុងគុក
ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ប្រើវិធានញុះញង់)។
ប្រតិបត្តិការចុះបង្ក្រាបជួញដូរថ្នាំញៀនបានធ្វើឡើងកាលពីវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតត្រង់ចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង កុងហួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគីរី មានស្រុកកំណើតភូមិថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនូន២កញ្ចប់ធំ និងមួយកញ្ចប់តូច មានទម្ងន់ ១២,៣៨ក្រាមទូរស័ព្ទដៃចំនួន ១គ្រឿង និងជញ្ជីងថ្លឹងចំនួន១គ្រឿង។
បច្ជុប្បន្នជនសង្ស័យរួមនិងវត្ឋុតាងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយ សាវ័ន