ACU នឹងបើកកិច្ចប្រជុំពិនិត្យពាក្យបណ្តឹងលោកពេជ្រ ស្រស់ ប្តឹងលោកផែង វណ្ណៈ នៅថ្ងៃទី២ មេសា

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២ ខែមេសា នឹងបើកកិច្ចប្រជុំពិនិត្យទៅលើពាក្យបណ្ដឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណ បក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បណ្ដឹងលោកផែង វណ្ណៈ ជាមន្ត្រីយោធានៅក្រសួងការពារជាតិនិងជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដ៏ល្បីម្នាក់ ពាក់ព័ន្ធជាមួយជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវឃោរឃៅលើសពនិស្សិតស្រី ឌុំ រីដា ដោយមានការសង្ស័យអំពីការប្រព្រឹត្តនូវអំពើពុករលួយជាប្រព័ន្ធជាមួយជនបង្ក។

ការដាក់ពាក្យបណ្ដឹងនេះ គឺបន្ទាប់ពីលោកផែងវណ្ណៈ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានយកថវិការបស់ក្រុមជនបង្កចំនួន ៥០០០ដុល្លារ ទៅជូនក្រុមគ្រួសារសពកញ្ញា ឌុំ រីដា។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់រស្មីកម្ពុជាឲ្យដឹងថា “អង្គភាពប្រឆាំងអំពើពុករលួយ (អបព) ទើបបានទទួលពាក្យប្តឹងរបស់ឯកឧត្តម ពេជ្រ ស្រស់ រសៀលថ្ងៃនេះ។ អបព នឹងប្រជុំពិនិត្យវិភាគពាក្យសប្តឹងនេះនៅថ្ងៃទី២ ខែមេសា ដើម្បីវាយតម្លៃថា អង្គភាពទទួលឬមិនទទួលពាក្យប្តឹងនេះយកទៅស៊ើបអង្កេតឬដូចម្តេច។ អង្គប្រជុំនោះនឹងអនុញ្ញត្តជូនម្ចាស់បណ្តឹងចូលស្តាប់ការវិភាគនិងការពារពាក្សប្តឺងរបស់ខ្លួនដោយផ្ទាល់”។ នៅក្នុងពាក្យបណ្ដឹងរបស់លោកពេជ្រ ស្រស់ បានជម្រាបជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា

បើតាមពិនិត្យផ្លូវច្បាប់បុគ្គលផែងវណ្ណៈមិនមែនជាមេធាវីឬក៏បម្រើសេវាកម្មផ្លូវច្បាប់ដែលអាចធ្វើជាតំណាងឱ្យជនណាម្នាក់នោះទេប៉ុន្តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង 12:00 ថ្ងៃទី 27 ខែមីនាឆ្នាំ 2019 ស្រាប់តែឃើញបុគ្គលផែង វណ្ណៈ ប្រកាសខ្លួនថា ជាអ្នកតំណាងឲ្យក្រុមជនបង្កគ្រោះថ្នាក់ចរាចរណ៍លើនិស្សិត ឌុំ រីដា ស្របពេលសមត្ថកិច្ចមិនទាន់ចាប់បានជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។ ហើយអ្វីដែលគួរឲ្យសង្ស័យបំផុតនោះគឺថាកើតក្តីព្រួយបារម្ភខ្លាចមានការឃុបឃិតប្រព្រឹត្តនូវអំពើពុករលួយជាប្រព័ន្ធដើម្បីសម្របសម្រួល បន្ធូរបន្ថយ ការចោទប្រកាន់ណាមួយតាមរយៈការយកលុយទៅលួងលោមឬបញ្ចុះបញ្ចូលក្រុមគ្រួសារជនរងគ្រោះតាមរយៈបុគ្គលផែង វណ្ណៈ ដែលអាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីច្បាប់។ ម្យ៉ាងវិញទៀតជាហេតុធ្វើឲ្យវារីកដុះដាលនៃអំពើពុករលួយជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងច្រើនឡើងធ្វើឲ្យពលរដ្ឋរងគ្រោះក្រីក្រគ្មានយុត្តិធម៌។

អត្ថបទដែលជាប់ទាក់ទង