ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខលួចសម្លាប់នៅក្បែរអូរ នៅស្រុកលំផាត់

ខេត្តរតនគិរី÷ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានទៅងូតទឹកអូរចម្ងាយពីផ្ទះរបស់ខ្លួនប្រហែល១គីឡូម៉ែត្រ ត្រូវបានជនមិនស្គាល់មុខលួចធ្វើសកម្មភាពសម្លាប់យ៉ាងអាណោចអាធ័ម។

ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមាត់អូរក្នុងចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់។

យោងតាមរបាយការណ៍ពីអធិការនគរបាលស្រុកលំផាត់បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ។

របាយការណ៍បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ នៅវេលាម៉ោងប្រហែល៥និង០០នាទីល្ងាចថ្ងៃខែដដែល ជនរងគ្រោះបានជិះម៉ូតូមកងូតទឹកនៅអូរក្នុងចម្ការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល១គីឡូម៉ែត្រដូចសព្វមួយដង លុះដល់ម៉ោងប្រហែល ៦ល្ងាច (ប្តី) ដោយបាត់ប្រពន្ធយូរពេក ប្ដីរបស់ជនរងគ្រោះបានមកតាមរក ប៉ុន្តែរកមិនឃើញសោះ ឃើញតែស្បែកជើង និងកន្រ្ទក់ដាក់ខោអាវតែប៉ុណ្ណោះ។ ប្តីជនរងគ្រោះក៏ត្រឡប់ទៅហៅអ្នកភូមិឲ្យមកជួយរក រហូតដល់ម៉ោងប្រហែល ១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមីនា នេះ ទើបរកឃើញសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងងូតទឹក។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ពីប្តីជនរងគ្រោះ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍បាតាង បានហ៊ុព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្ត ព្រមទាំងពេទ្យបង្អែកខេត្តចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ក្នុងនោះដែរមានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះមកសម្របសម្រួលផងដែរ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង