នាយកសាលា ចំណេះដឹងទូទៅ កម្ពុជាបុត្ត វាយសិស្សជាំគូទជាច្រើនកន្លែង
កោះកុង ៖ កុមារីម្នាក់ដែលជាសិស្សថ្នាក់ទី២ (ក) នៃសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ត្រូវបានលោកនាយកសាលាវាយអោយមានស្លាកស្នាមជាច្រើនកន្លែងត្រង់ចំនុចកំប៉េះគូទ ហេតុការនេះបានកើតឡើងនាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ម្សិលម៉ិញ ត្រង់ចំនុចក្នុងថ្នាក់រៀន នៃសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
លោក ស្រី ផាន់ លាងហ៊ីម អាយុ៣៥ឆ្នាំ រស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ឡេង លីហ្សា ភេទស្រី អាយុ៨ឆ្នាំ ជាសិស្សថ្នាក់ទី២(ក)នៃសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ពិតជាត្រូវបានលោកនាយកសាលា ឈ្មោះ ឡេង សារិន វាយនិងរំពាត់បណ្តាលអោយជាំកំប៉េះគូទពិតប្រាកដមែន ដោយដំបូងឡើងលោកស្រីបានលឺកូនរបស់លោកស្រី ត្អូញត្អែរថាឈឺកំប៉េះគូទដោយសារលោកគ្រូវាយពេលដែលនាងគុណលេខមិនត្រូវ ហើយលោកស្រីក៏មិនបានចាប់អារម្មណ៍នោះដែរ ព្រោះស្មានថាការវាយរបស់លោកនាយកសាលានេះជាការវាយធម្មតា ស្រាប់តែពេលដែលលោកស្រីងូតទឹកអោយកូនស្រីរបស់គាត់ក៏ស្រាប់តែបានឃើញនូវស្នាមជាំយ៉ាងខ្លាំងធ្វើអោយលោកស្រីនិងប្តីលោកស្រីមានការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោក ឡេង សារិន ដែលជានាយកសាលា ចំណេះដឹងទូទៅ កម្ពុជបុត្ត ។
លោកស្រីបានបន្តថា កន្លងមកគ្រូដែលបង្រៀនកូនគាត់មិនមែនជាលោកនាយកសាលានោះទេ តែនៅថ្ងៃទី២២ ខែមីនា ម្សិលម៉ិញនេះ គ្រូប្រចាំថ្នាក់របស់កូនលោកស្រីបានអវត្តមានទើបលោកនាយកសាលាខាងលើបានចូលមកបង្រៀនជំនួស ហើយបានអោយកូនស្រីរបស់លោកស្រីឡើងធ្វើលេខគុណតែដោយសារនាងមិនចេះ លោកនាយកសាលាក៏វាយមកលើរូបនាងតែម្តង ចំពោះការវាយមកលើកូនសិស្សនេះមិនមែនមានតែចំពោះកូនស្រីរបស់លោកស្រីម្នាក់នោះទេ គឺមានសិស្សចំនួន៨នាក់ផ្សេងទៀតក៏ត្រូវបានលោកនាយកសាលាវាយដូចគ្នា តែចំពោះលទ្ធផលយ៉ាងណានោះ គឺលោកស្រីមិនបានដឹងនោះទេ ។
ប្រភពខាងលើបានអោយដឹងបន្ថែមទៀតថា មុនពេលដែលលោកស្រីសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលសង្កាត់ដងទង់នេះ លោកនាយកសាលា និង ភរិយារបស់លោកបានព្យាយាមមកធ្វើការសម្របសម្រួលនិង សុំទោសដល់គ្រួសាររបស់លោកស្រីនិងសងជំងឺចិត្តជាទឹកប្រាក់ចំនួន៤០០ ដុល្លារដើម្បីជាការបញ្ចប់រឿងផងដែរ តែលោកស្រីនិងប្តីពុំបានយល់ព្រមនោះទេ ។
លោកស្រី ផាន់ លាងហ៊ីម បានបន្តថា ការដែលលោកស្រី និងប្តីសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនេះ គឺព្រោះតែលោកស្រី និងប្តីចង់បាននូវភាពយុត្តិធម៌តាមផ្លូវច្បាប់ និងការសងជំងឺចិត្តដែលសមរម្យតាមកំហុសរបស់លោកនាយកសាលាដែលបានធ្វើមកលើកូនស្រីរបស់លោកស្រី ។
ជាមួយគ្នានេះដែរលោកស្រីក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូទាំងអស់មិនថាសាលាឯកជនឬសាលារដ្ឋនោះទេគួរ គម្បីកុំប្រើប្រាស់អំពើហឹង្សាធ្ងន់ធ្ងរលើកុមារដូចលោកនាយកសាលាខាងលើព្រោះគ្មានអ្នកណាម្នាក់គេគាំទ្រនូវទង្វើបែបនេះនោះទេ ។
បើតាមការអោយដឹងពីលោកគ្រូម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានលួចប្រាប់បណ្តាញសារព័ត៌មានយើងអោយដឹងថា សាលាចំណេះដឹងទូទៅ កម្ពុជបុត្តកន្លងមកធ្លាប់មានរឿងរ៉ាវវ៉ាយដំសិស្សបែបនេះកើតឡើងម្តងជាពីរដងរូចមកហើយ ហើយត្រូវបានគេធ្វើការប្តឹងទៅដល់មន្ទីរអប់រំផងដែរ ។
ជុំវិញបញ្ហាចោទប្រកាន់ខាងលើ ភ្នាក់យើងនៅពុំទាន់អាចសុំការបំភ្លឺពីលោក ឡេង សារិន នាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្តបាននោះទេ ដោយសារលោកនាយកសាលាពុំព្រមទទួលទូរសព័្ទ ។
ចំពោះលោក ង៉ែត ឡឹង ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង យើងនូវពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ដោយសារទូរសព័្ទរបស់លោកខលពុំចូល ។
គួរបញ្ជាក់ថា ការអប់រំតាមបែបប្រើប្រាស់ហិង្សាទៅលើសិស្សសាលាត្រូវបានលុបបំបាត់ និងមិនអោយកើតមាននោះទេ ហើយប្រសិនបើជាលោកនាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ពិតជាបានប្រើប្រាស់នូវអំពើហិង្សាទៅលើកុមារី ឡេង លីហ្សា ពិតប្រាកដមែននោះ វាជាទង្វើមួយដែលខុសពីក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំយ៉ាងច្បាស់ក្រឡែត ហើយពលរដ្ឋនិងអាណាព្យាបាលសិស្សជាច្រើនក៏កំពុងរងចាំមើលថាតើខាងក្រសួងអប់រំក៏ដូចជាខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងអាចនិងមានវិធានការបែបណាចំពោះលោកនាយករូបនេះ ៕