មន្ត្រីគយ និងរដ្ឋាកររាជធានីភ្នំពេញចុះបង្រ្កបកន្លែងលួចកាត់ត តំឡើងខុសបច្ចេកទេសនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កន្លែងលួចកាត់តរថយន្តមួយកន្លែងធំត្រូវបានខាងមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បើកប្រតិបត្តិការ ចុះបង្ក្រាបយានដ្ឋាននោះហើយធ្វើការឃាត់បានរថយន្ត១៥គ្រឿងផងដែរ ។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ ឆ្នាំ២០១៩ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា បញ្ហានេះគឺប្រឈមគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដែលមិនបានដឹងពីប្រវត្តិរថយន្តពិតប្រកដឬរថយន្តកែច្នៃ ឬយ៉ាងណានោះទេ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ខាងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ បានចុះព័ទ្ធយានដ្ឋានតម្លើង និងតរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ដោយចាប់បានរថយន្ត១៥គ្រឿងចង្កូតឆ្វេង ក្នុងនោះ មានរថយន្ត៣គ្រឿងតម្លើងហើយ១០០ភាគរយ ដែលមួយគ្រឿងពាក់ផ្លាកលេខក្លែងក្លាយ រីឯ១២គ្រឿងទៀតកំពុងតម្លើង និងត។

បើតាមការបញ្ជាក់ពីមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញបន្ថែមទៀតនោះថា រថយន្តទាំងនេះមានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយយើងបានស្ទូចដឹកយកមករក្សាទុកក្នុងឃ្លាំង។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឲ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕


 

អត្ថបទដែលជាប់ទាក់ទង